ខ្សែបម្រើ Joao Felix បានចាកចេញពីក្លិប Chelsea ដើម្បីផ្លាស់ទៅចូលរួមជាមួយក្លិប AC Milan ក្នុងនាមជាកីឡាករខ្ចីជើង។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League។
អតីតសមាជិក Benfica និង Atletico Madrid បង្ហាញខ្លួនជាកីឡាករជម្រើសដំបូងរបស់ Chelsea បានតែ៣ប្រកួត ប៉ុណ្ណោះនៅក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាលនេះ។
សម្រាប់ការផ្លាស់ទៅកាន់ AC Milan របស់ Joao Felix គឺមិនមានជម្រើសដែលតម្រូវអោយទិញផ្តាច់កីឡាករនោះទេ។
Joao Felix បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Benfica ហើយបានផ្ទេរក្នុងតម្លៃ ១១៣ លានផោនទៅ Atletico Madrid ក្នុងខែកក្កដា ឆ្នាំ ២០១៩ ដែលជាកិច្ចព្រមព្រៀងដែលនៅពេលនោះគឺជាការផ្ទេរថ្លៃបំផុតទី ៥ ក្នុងប្រវត្តិសាស្ត្រ។
កីឡាករវ័យ២៥ឆ្នាំ ធ្លាប់លេងជាកីឡាករខ្ចីជើងនៅ Chelsea និង Barcelona មុនពេលរូបគេផ្លាស់មកកាន់ Chelsea ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ ៤៥ លានផោនក្នុងខែសីហា។
AC Milan ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Serie A នឹងត្រូវប្រកួតជាមួយក្រុម Roma ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Coppa Italia នៅពាក់កណ្តាលសប្តាហ៍នេះ ហើយមានការប្រកួត Play-Off ពីរជើងទល់នឹង Feyenoord ក្នុងក្របខណ្ឌ UEFA Champions League ក្នុងខែកុម្ភៈនេះផងដែរ៕