ក្លិប Aston Villa នៅលីគកំពូលអង់គ្លេសបានចុះកុងត្រានាំយកខ្សែបម្រើ Marco Asensio ពីក្លិប Paris St Germain នៅលីគកំពូលបារាំង រហូតដល់ចប់រដូវកាលនេះ។
កីឡាករអេស្ប៉ាញ វ័យ២៩ឆ្នាំ បាន មកចូលរួមជាមួយ ក្លិប Paris St Germain កាលពីខែកក្កដា ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ក្រោយបញ្ចប់ការរួមរស់រយៈពេល៨ឆ្នាំ ជាមួយក្លិបអេស្ប៉ាញ Real Madrid ជាទីដែលរូបគេបានឈ្នះពានរង្វាន់ La Liga ៣ដង UEFA Champions League ៣ដង UEFA Super Cup ៣ដង និង FIFA Club World Cup ៤ដង។
ក្នុងរដូវកាលដំបូង របស់ Marco Asensio ជាមួយ Paris St Germain រូបគេក៏បានជួយក្រុមឈ្នះពានរង្វាន់ក្នុងស្រុក៣គ្រឿងផងដែរ ដែលរួមមាន Ligue 1 Coupe de France និង Trophée des Champions។
កីឡាករវ័យ២៩ឆ្នាំ ដែលបានបង្ហាញខ្លួន ៣៨ដង សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានស៊ុតបញ្ចូលទី២គ្រាប់ ក្រោយបង្ហាញខ្លួន ១៦ប្រកួតសម្រាប់ Paris St Germain នៅរដូកាលនេះ ប៉ុន្តែ រូបគេបានលេងត្រឹមតែ១៨នាទី នៅក្នុង៨ប្រកួតចុងក្រោយក្នុងក្របខណ្ឌ Ligue 1 បារាំង សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Luis Enrique។
សម្រាប់កិច្ចសន្យាដែល Marco Asensio ផ្លាស់ទៅចូលរួម Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងនោះ មិនមានជម្រើសក្នុងការទិញផ្តាច់នោះទេ។
វត្តមានរបស់ Marco Asensio ចំពេលដែល Aston Villa បាននាំចូលកីឡាករជាច្រើនរូបទៀតដែរ ដែលមាន Marcus Rashford ផ្ទេរមកពី Man UTD និង Axel Disasi ផ្ទេរមកពី Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា រួមទាំង Donyell Malen ផ្ទេរមកពី Borussia Dortmund តម្លៃ ២១លានផោន និង Andrés García ផ្ទេរមកពី Levante តម្លៃ ៦លានផោន។
Marco Asensio ត្រូវបានជឿថា នឹងបង្ហាញខ្លួនជាមួយ Marcus Rashford ក្នុងការប្រកួតដែល Aston Villa ត្រូវប៉ះ Tottenham Hotspur នៅជុំទី៤ ពានរង្វាន់ FA Cup ចុងសប្តាហ៍នេះ៕