ក្លិប Tottenham Hotspur បានចុះកុងត្រានាំយកខ្សែប្រយុទ្ធ Mathys Tel ពី ក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League ។
កីឡាករបារាំង បានចូលរួមជាមួយក្លិប Bayern Munich ដោយផ្លាស់ពីក្លិប Rennes នៅក្នុងឆ្នាំ២០២២ ក្នុងកិច្ចសន្យា៤ឆ្នាំ អមដោយជម្រើស បន្លាយកុងត្រាដល់ឆ្នាំ២០២៩ ។ Mathys Tel បានបង្ហាញខ្លួន៨៣ដង ស៊ុតបាន១៦គ្រាប់អោយ Bayern Munich ប៉ុន្តែ រូបគេមានការពិបាក ក្នុងការរក្សាកៅអីលេងទៀងទាត់ជាមួយក្លិបអាល្លឺម៉ង់។ ជាក់ស្តែង សម្រាប់រដូវកាលនេះ កីឡាករវ័យ១៩ឆ្នាំ បានលេងតែ២ប្រកួតក្នុងក្របខណ្ឌ Bundesliga ក្នុងនាមជាកីឡាករជម្រើសដំបូង ខណៈ៦ប្រកួតទៀត រូបគេបង្ហាញខ្លួនជាកីឡាករបម្រុងតែប៉ុណ្ណោះ។ នៅរដូវកាលនេះទៀតសោត Mathys Tel មិនអាចរកគ្រាប់បាល់បញ្ចូលទីនោះទេ។
បើតាមការរាយការណ៍ពីសារពត៌មាន BBC អោយដឹងថា Tottenham Hotspur បានបរាជ័យម្តងរួចមកហើយ ក្នុងការចរចានាំយកកីឡាករ Mathys Tel ប៉ុន្តែពួកគេបានបន្តដាក់សំណើជាថ្មី ហើយក៏ទទួលបានផ្លែផ្កា អាចនាំយករូបគេមកបានសម្រេចក្នុងនាមជាកីឡាករខ្ចីជើង នៅទីផ្សារដោះដូរកីឡាកររដូវរងានេះ។ ប្រភពដដែលអោយដឹងថា Tottenham Hotspur ក៏មានជម្រើសក្នុងការទិញផ្តាច់កីឡាករ Mathys Tel នៅទីផ្សាររដូវក្តៅ តម្លៃ ៤៥លានផោនផងដែរ។
ក្រុមមាន់ខ្នាយមាស ដែលដឹកនាំដោយគ្រូបង្វឹកលោក Ange Postecoglou កំពុងជួបប្រទះបញ្ហាយ៉ាងខ្លាំង ដោយកីឡាករសំខាន់ៗជាច្រើនរូបសុទ្ធតែបានរងរបួស ដោយក្នុងនោះមានដូចជា Guglielmo Vicario, Cristian Romero, Destiny Udogie, James Maddison, Wilson Odobert, Brennan Johnson, Timo Werner និងDominic Solanke ដែលសុទ្ធតែជារបួសធ្វើអោយពួកគេមិនអាចចូលទីលានបាន៕