គ្រូបង្វឹក លោក Enzo Maresca បាននិយាយថា លោកនឹងដាក់ក្តីសង្ឃឹមថា ក្រុម Chelsea របស់លោកនឹងអាចស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ពេលការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះបញ្ចប់។
ជាការពិត ក្រុម Chelsea បានឡើងមកកាន់ចំណាត់ថ្នាក់លេខ៤វិញ ក្រោយវាយបកយកឈ្នះ West Ham United ដោយលទ្ធផល ២-១ នាកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។
ក្នុងការប្រកួតនោះក្រុមភ្ញៀវ West Ham United បាននាំមុខមុននៅក្នុងវគ្គទី១ ដោយ Jarrod Bowen ស៊ុតបញ្ចូលទីនៅនាទី ៤២។
យ៉ាងណា នៅក្នុងវគ្គទី២ ក្រុមម្ចាស់ផ្ទះ Chelsea បានប្រឹងប្រែងវាយសម្រុកហើយក៏តាមស្មើដោយ Pedro Neto ស៊ុតបញ្ចូលទី នៅនាទី ៦៤ មុនពេល Aaron Wan-Bissaka ភ្លាត់អោយបាល់ចូលទីខ្លួនឯងនៅនាទី ៧៤ ដើម្បីជួយ Chelsea ឈ្នះការប្រកួតនេះ។
ជាមួយនឹងជ័យជំនះនេះ គ្រូបង្វឹកលោក Enzo Maresca យល់ថា ក្រុម Chelsea មានការរីកចម្រើនច្រើន ហើយលោកក៏សង្ឃឹមដែរថា ក្រុមអាចធ្វើបានល្អតទៅទៀត និងអាចរក្សាចំណាត់ថ្នាក់កំពូលទាំង៤ ពេលចប់រដូវកាល។
លោក Enzo Maresca បាននិយាយក្រោយចប់ការប្រកួតបែបនេះ “ ខ្ញុំពិតជាសប្បាយចិត្តដែលឃើញក្រុមមានភាពរីកចម្រើន ហើយយើងបានមកដល់ចំណាត់ថ្នាក់ល្អមួយដូចដែលខ្ញុំចង់បាន។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចរក្សាចំណាត់ថ្នាក់កំពូលទាំង៤ ហើយវាជារឿងសំខាន់ដែលក្រុមយើងចង់សម្រេចបាន។”
ឆ្លងកាត់២៤ប្រកួតក្នុងក្របខណ្ឌ Premier League 2024-25 កន្លងមក ក្រុម Chelsea ឈ្នះ ១២ ស្មើ ៧ ចាញ់៥ មាន៤៣ពិន្ទុ ឈរក្នុងចំណាត់ថ្នាក់លេខ៤ ពីលើក្រុមលេខ៥ Man City ២ពិន្ទុ។ រីឯក្រុម West Ham United កំពុងឈរលេខ១៥ មាន ២៧ពិន្ទុ៕