×

ខ្សែការពារ Alphonso Davies បន្លាយកុងត្រា៥ឆ្នាំទៀតជាមួយ Bayern Munich

ខ្សែការពារ Alphonso Davies បានសម្រេចចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយ Bayern Munich ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន Allianz Arena រហូតដល់ខែមិថុនា ឆ្នាំ២០៣០។

កីឡាករកាណាដា បានចូលរួមជាមួយ Bayern Munich ដោយផ្លាស់មកពី ក្លិបនៅប្រទេសកំណើត Vancouver Whitecaps FC កាលពីឆ្នាំ២០១៨ ដោយមកទល់ពេលនេះ គេបានបង្ហាញខ្លួន ២២០ ប្រកួតសម្រាប់ក្លិបអាល្លឺម៉ង់ និង អាចស៊ុតបញ្ចូលទីបាន ១២គ្រាប់ រួមទាំងចែកបាល់សម្រេចទី បាន ៣៤ដង ផងដែរ។

កុងត្រាចាស់របស់ Alphonso Davies នឹងត្រូវផុតនៅខែមិថុនា ឆ្នា២០២៥ ប៉ុន្តែ ក្លិបមិនចង់អោយកីឡាករសំខាន់របស់ខ្លួនចាកចេញនទេ ទើបសម្រេចបន្តកុងត្រារយៈពេលវែងដល់រូបគេ។

កុងត្រាថ្មីនេះ ក៏ជាការផ្តាច់ចំណាប់អារម្មណ៍ពីក្លិបនានា ចំពោះកីឡាករ វ័យ២៤ឆ្នាំនេះដែរ ជាពិសេស ក្លិប Real Madrid ខណៈកន្លងមក ក្លិបនៅអេស្ប៉ាញ បានធ្វើការចរចា និងឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ក្នុងការនាំយករូបគេ នៅរដូវក្តៅឆ្នាំ២០២៥។

ជាមួយផ្តល់កុងត្រាថ្មីដល់ Alphonso Davies នាយកផ្នែកកីឡារបស់ក្លិប Bayern Munich បាននិយាយថា “ ក្លិបពិតជារីករាយដែលបានសម្រេចផ្តល់កុងត្រាបន្ថែមដល់ Alphonso Davies។ រូបគេគឺជាកីឡាករសំខាន់មួយរូបរបស់ក្លិប។ ជាមួយនឹងសមត្ថភាពដ៏ល្អរបស់គេ យើងមិនសង្ស័យទេ ថា រូបគេនឹងក្លាយជាកីឡាករលំដាប់ខ្ពស់មួយលើពិភពលោក ហើយនឹងទាក់ទាញចំណាប់អារម្មណ៍ពីក្លិបជាច្រើន ប៉ុន្តែការដែលគេសម្រេចបន្តរួមរស់ជាមួយពួកយើង បានក្លាយជារឿងរីករាយសម្រាប់ក្លិប ក៏ដូចជាអ្នកគាំទ្រផងដែរ។”

រយៈកាលកន្លងមក Alphonso Davies បានជួយ Bayern Munich យ៉ាងច្រើននិងបានរួមចំណែកឈ្នះពានរង្វាន់នានាដូចជា Bundesliga ៥ដង DFB-Pokal ២ដង DFL-Supercup ៣ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង