×

ខ្សែបម្រើ Carney Chukwuemeka ចេញពី Chelsea ទៅ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល

ខ្សែបម្រើ Carney Chukwuemeka របស់ក្លិបអង់គ្លេស Chelsea បានចូលរួមជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ការប្រកួតទាំងអស់ដែលនៅសល់នៃរដូវកាលនេះ។

កីឡាករអង់គ្លេស ដែលបច្ចុប្បន្នមានអាយុ ២១ ឆ្នាំបានចុះហត្ថលេខាលេងអោយ Chelsea ពី Aston Villa ក្នុងកិច្ចសន្យាតម្លៃ ២០ លានផោនកាលពីឆ្នាំ ២០២២។ទោះយ៉ាងណា រយៈពេលនៃការប្រកួតរបស់គេក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Enzo Maresca មានតិចតួចមែនទែនក្នុងរដូវកាលនេះ ដោយអាចបង្ហាញខ្លួនត្រឹមតែ ៥ ប្រកួតប៉ុណ្ណោះ ហើយសុទ្ធតែមិនមែនជាការប្រកួតសំខាន់ៗដូចជា Premier League ឬ UEFA Conference League ទៀត។

ក្នុងការផ្លាស់ទៅកាន់ Borussia Dortmund នេះដែរ Chukwuemeka បាននិយាយថា “វាពិតជារំភើបណាស់សម្រាប់ខ្ញុំ ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃក្លិបដ៏អស្ចារ្យនេះ។ ខ្ញុំមិនអាចរង់ចាំក្នុងការលេងនៅចំពោះមុខអ្នកគាំទ្រនៅទីលាន Signal Iduna Park ហើយជួយយើងទាំងអស់គ្នាអោយទទួលបានជោគជ័យ ។”

Borussia Dortmund មានកំណត់ត្រាល្អយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករអង់គ្លេសវ័យក្មេងដើម្បីបណ្តុះសមត្ថភាពដូចជា Jadon Sancho និង Jude Bellingham ជាដើម។

ដោយឡែក បន្ទាប់ពីបញ្ចេញ Carney Chukwuemeka ទៅកាន់ Borussia Dortmund ហើយ Chelsea ក៏បាននាំចូលខ្សែបម្រើ Mathis Amougou វ័យ១៩ឆ្នាំ ពីក្លិបបារាំង Saint-Etienne ដោយចុះកិច្ចសន្យារយៈពេល ៨ ឆ្នាំជាមួយនឹងតម្លៃប្រហែល ១២ លានផោន ។ កីឡាករបារាំងរូបនេះ ត្រូវបានចាត់ទុកថាជា កីឡាករមានទេពកោសល្យនាពេលអនាគត សម្រាប់ជម្រើសរបស់លោក Enzo Maresca៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង