
ខ្សែការពារ Radu Dragusin របស់ Tottenham Hotspur នឹងអវត្តមាន ការប្រកួតដែលនៅសេសសល់ទាំងអស់នៃរដូវកាលនេះ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរ ACL នៅជង្គង់ខាងស្តាំ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Premier League។
របួសរបស់កីឡាករវ័យ ២៣ ឆ្នាំ បានកើតឡើងពេលដែល Tottenham Hotspur ប្រកួតចាញ់ Elfsborg ក្នុងពានរង្វាន់ UEFA Europa League កាលពីសប្តាហ៍មុន ដែលរបួសនោះតម្រូវអោយរូបគេត្រូវតែឆ្លងកាត់ការវះកាត់ព្យាបាល។
Radu Dragusin ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានយ៉ាងហោចណាស់៦ខែ ហើយរបួស ACL ខ្លះអាចធ្វើអោយកីឡាករមិនអាចលេងរហូតដល់មួយឆ្នាំក៏មាន។
ទាក់ទិននឹងរឿងនេះ Tottenham Hotspur បានចេញសេចក្តីប្រកាសថា “Radu Dragusin នឹងត្រូវបានវាយតម្លៃដោយក្រុមវេជ្ជសាស្រ្ដរបស់ក្លិបដើម្បីកំណត់ថា តើពេលណាគេអាចត្រលប់មកហ្វឹកហាត់វិញ។ ប៉ុន្តែការវាយតម្លៃបឋមគឺរូបគេអាចនឹងអវត្តមានការប្រកួតដែលនៅសល់ទាំងអស់។”
Dragusin បានចូលរួមជាមួយ Tottenham Hotspur ពី Genoa ក្នុងកិច្ចព្រមព្រៀងតម្លៃ ២៥ លានផោនក្នុងខែមករា ឆ្នាំ២០២៤ ។ រូបគេបានបង្ហាញខ្លួនក្នុងការប្រកួត ២៨ដង គ្រប់កម្មវិធីសម្រាប់ Tottenham Hotspur នៅរដូវកាលនេះ ។
សរសេរនៅលើបណ្តាញសង្គម Instagram កីឡាករជនជាតិរ៉ូម៉ានីបាននិយាយថា គេនឹងខិតខំប្រឹងប្រែងក្នុងអំឡុងពេលនៃការជាសះស្បើយដើម្បីត្រលប់មកវិញកាន់តែរឹងមាំ។
Radu Dragusin ចូលរួមក្នុងបញ្ជីកីឡាកររបួសដ៏វែងរបស់ Tottenham Hotspur ដែលរួមជាមួយ Destiny Udogie, Guglielmo Vicario, James Maddison, Brennan Johnson, Timo Werner, Wilson Odobert, Cristian Romero និង Dominic Solanke ខណៈខ្សែការពារ Micky van de Ven និង Ben Davies ទើបតែធូរស្រាលរបួសនិងបានត្រលប់មកវិញថ្មីៗនេះប៉ុណ្ណោះ។
រឿងកីឡាកររងរបួសបានចោទជាបញ្ហាយ៉ាងខ្លាំងសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ange Postecoglou ដោយចាប់តាំងពីចាប់ផ្តើមរដូវកាល ២០២៤-២៥មក ពួកគេបានជួបប្រទះបញ្ហាកីឡាកររបួសដល់ទៅ២៧ ដងមកហើយ៕