
ខ្សែការពារ Tyrell Malacia បានសម្រេចចាកចេញពីក្លិបអង់គ្លេស Man UTD ទៅកាន់ក្លិបហូឡង់ PSV Eindhoven ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាលនេះ។
កីឡាករហូឡង់ ទើបតែបានវិលត្រឡប់មកចូលរួមជាមួយ Man UTD កាលពីខែវិច្ឆិកា ក្រោយអវត្តមាន ១៧ ខែ ដោយសារបញ្ហារបួស។
ទោះយ៉ាងណា ការវិលមកវិញនេះ កីឡាករវ័យ២៥ឆ្នាំ មិនទទួលឱកាសលេងច្រើនទេ ដោយបង្ហាញខ្លួនបានតែ៣ប្រកួត ក្នុងក្របខណ្ឌ Premier League។
ការចាកចេញរបស់ Tyrell Malacia ទៅ បានកើតឡើង បន្ទាប់ពីការមកដល់របស់ ខ្សែការពារដាណឺម៉ាក Patrick Dorgu ពីក្លិប Lecce ដោយបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំកន្លះ។
មុនផ្លាស់ទៅកាន់ PSV Eindhoven នេះដែរ រូបគេបានទទួលការចាប់អារម្មណ៍ពីក្លិបព័រទុយហ្កាល់ Benfica នឹងបានដាក់សំណើសុំខ្ចីជើងតាំងពីដើមខែមករា តែត្រូវបានបដិសេធ។
Tyrell Malacia បានចូលរួមជាមួយ Man UTD ដោយផ្លាស់មកពី ក្លិបហូឡង់ Feyenoord តម្លៃ ១៣លានផោន កាលពីខែកក្កដា ឆ្នាំ២០២២ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។
រូបគេគឺជាកីឡាករដំបូងដែលអតីតគ្រូបង្វឹក លោក Erik ten Hag បាននាំយកមកកាន់កីឡដ្ឋាន Old Trafford អំឡុងការកាន់តំណែងរបស់លោក ដោយសរុបមក គេបានបង្ហាញខ្លួន ៤៧ ដង សម្រាប់ក្រុមបិសាចក្រហម៕