×

គ្រូ Arsenal ថា ក្រុមខ្លួនបាត់បង់ស្មារតីរឹងមាំទើបបន្តចាញ់ Newcastle United ធ្លាក់ចេញពីពានរង្វាន់ EFL Cup

ក្រុម Arsenal បានធ្លាក់ចេញពីពានរង្វាន់ EFL Cup បន្ទាប់ពីបន្តចាញ់ក្រុម Newcastle United ក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០។

សម្រាប់ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន St James’ Park កាលពីយប់មិញ កីឡាករ Jacob Murphy ជាអ្នករកគ្រាប់បាល់អោយក្រុមម្ចាស់ផ្ទះ Newcastle United នៅក្នុងនាទី១៩ នៃវគ្គទី១។

នៅក្នុងវគ្គទី២ Anthony Gordon បន្តរកគ្រាប់ទី២ អោយ Newcastle United បង្កើនការនាំមុខលើគូប្រកួត។ សម្រាប់ ក្រុមភ្ញៀវ Arsenal វិញ មិនអាចរកគ្រាប់បាល់បាននោះទេ ទោះមានឱកាសល្អជាច្រើនដងក៏ដោយ។ លទ្ធផល Newcastle United ២ Arsenal ០ ក៏បន្តដល់ចប់ការប្រកួត។

កាលពីការប្រកួតជើងទី១ នាកីឡដ្ឋាន Emirates ក្រុម Arsenal បានចាញ់ដោយលទ្ធផល ២-០ បូករួមទាំងជើងទី២នេះទៀត Arsenal ចាញ់ក្រុម Newcastle United ដោយលទ្ធផល សរុប ៤-០ ដែលធ្វើអោយពួកគេធ្លាក់ចេញពីពានរង្វាន់ EFL Cup នៅត្រឹមនេះ ។

ជាមួយនឹងភាពខកចិត្ត បានធ្វើអោយគ្រូបង្វឹក Arsenal លោក Mikel Arteta មានការសប្បាយចិត្ត និងចង្អុលបង្ហាញពីភាពទន់ខ្សោយ របស់ក្រុមថា ក្រុមបានបាត់បង់ស្មារតីរឹងមាំ បាត់បង់ការស្រេកឃ្លានចង់យកឈ្នះការប្រកួត ទើបទទួលលទ្ធផលបែបនេះ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានថ្លែងក្រោយចប់ការប្រកួតថា “ក្រុមរបស់យើងបានបាត់បង់ស្មារតីរឹងមាំចង់ឈ្នះហើយ។ យើងមានឱកាសល្អ ២ ៣ ដង ដែរប៉ុន្តែកីឡាករហាក់ដូចជា មិនស្រវាយកឱកាសនោះសោះ។ វាជារឿងពិតដែលថា ថ្ងៃនេះយើងមិនល្អទេ ជាពិសេសនៅពេលដែលការប្រកួតកាន់តែមានភាពច្របូកច្របល់។ ជាធម្មតាយើងលេងល្អជាងនេះ ប៉ុន្តែយើងមិនបានធ្វើរឿងបែបនោះទៀតទេ នៅពេលនេះ ទើបយើងចាញ់ការប្រកួត។”

សម្រាប់ Newcastle United ដែលទទួលបានជ័យជំនះ នឹងបន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ EFL Cup ដោយរង់ចាំជួបអ្នកឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាង Liverpool និង Tottenham Hotspur៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង