ខ្សែការពារ Trent Alexander-Arnold នឹងអវត្តមានការប្រកួតដែល Liverpool ត្រូវតតាំងនឹងTottenham Hotspur នៅក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ព្រោះតែរូបគេបានរងរបួសភ្លៅ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Arne Slot ។
កីឡាករអង់គ្លេស បានរងរបួស ក្នុងការប្រកួតដែល Liverpool ឈ្នះ Bournemouth ២-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ ដោយគេត្រូវបានផ្លាស់ចេញ នៅនាទី៧០។
Trent Alexander-Arnold បានលេង៣១ប្រកួតគ្រប់កម្មវិធីអោយ Liverpool នៅក្នុងរដូវកាលនេះ ដោយអាចស៊ុតបញ្ចូលទី២គ្រាប់ និង ចែកបាល់សម្រេចទីបាន ៧ដងផងដែរ។ សម្រាប់អវត្តមានរបស់កីឡាករវ័យ២៦ឆ្នាំ គ្រូបង្វឹក Arne Slot នឹងប្រើប្រាស់ខ្សែការពារ Conor Bradley ដែលដំឡើងមកពីក្រុមយុវជន Liverpool។ កីឡាករអង់គ្លេស វ័យ២១ឆ្នាំ ត្រូវបានមើលឃើញពីទេពកោសល្យ និង ការរីកចម្រើនជាបន្តបន្ទាប់ ដោយរូបគេបានបង្ហាញខ្លួន ១៨ប្រកួត គ្រប់កម្មវិធីអោយក្រុមហង្សក្រហមនៅរដូវកាលនេះ។
ទោះយ៉ាងណា លោក Arne Slot នៅតែមានក្តីព្រួយបារម្ភ ពីការប្រកួត ជាពិសេស លោកក៏មានការមិនពេញចិត្តចំពោះកាលវិភាគដ៏មមាញឹកនៅទឹកដីអង់គ្លេស ដែលធ្វើអោយកីឡាករមានភាពនឿយហត់ និងរងរបួស ហើយលោកចង់ឃើញ មានការកែសម្រួលបញ្ហានេះដូចគ្នា។
គ្រូបង្វឹក ជនជាតិហូឡង់បានអោយដឹងមុនការប្រកួតចូលមកដល់ថា “ Arnold នឹងមិនអាចលេងទេ ព្រោះ គេរងរបួសហើយ តែយើងក៏មានកីឡាករដែលអាចជំនួសគេបាន។ យ៉ាងណា អ្វីដែលខ្ញុំមានការព្រួយបារម្ភបន្ថែមនោះ គឺក្រៅពីការប្រកួតហើយ រឿងកាលវិភាគដ៏មមាញឹកនៅអង់គ្លេស ក៏ចោទជាបញ្ហា ដែលមិនត្រឹមតែធ្វើអោយកីឡាករនឿយហត់នោះទេ ប៉ុន្តែក៏ងាយប្រឈមនឹងការរងរបួសដែរ។ ខ្ញុំចង់ឃើញមានការផ្លាស់ប្តូរអំពីរឿងនេះ។”
សូមបញ្ជាក់ថា កាលពីជើងទី១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup នាកីឡដ្ឋាន Tottenham Hotspur Stadium ក្រុម Liverpool បានចាញ់ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដោយលទ្ធផល ១-០។ ពួកគេនឹងត្រូវជួបគ្នាសម្រាប់ជើងទី២ ដោយការប្រកួតធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Anfield វិញម្តង៕