×

Everton សម្រេចការខ្ចីជើងខ្សែបម្រើ Carlos Alcaraz ពី Flamengo

នៅនាទីចុងក្រោយមុនទីផ្សារដោះដូរកីឡាកររដូវរងាបិទទ្វារ ក្លិបអង់គ្លេស Everton បានសម្រេចក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Carlos Alcaraz ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបប្រេស៊ីល Flamengo សម្រាប់ការប្រកួតដែលនៅសេសសល់នៃរដូវកាលនេះ។

កិច្ចព្រមព្រៀងរវាងក្លិបទាំង២ ក្នុងការផ្ទេរកីឡាករអាហ្សង់ទីន ក៏មានអមដោយជម្រើសទិញផ្តាច់ផងដែរ។ Carlos Alcaraz ធ្លាប់មានបទពិសោធ លេងនៅក្របខណ្ឌ Premier League ដែរ ដោយបានលេងអោយ Southampton កាលពីរដូវកាល ២០២៣-២៤ មុនពេលផ្លាស់ទៅកាន់ Flamengo នៅក្នុងឆ្នាំ២០២៤ ជាមួយតម្លៃកំណត់ត្រាក្លិប ១៦លានផោន។

យ៉ាងណា កីឡាករវ័យ ២២ឆ្នាំ លេងអោយ Flamengo បានតែ ១៥ប្រកួត ក៏បានសម្រេចផ្លាស់មកកាន់ទឹកដីអង់គ្លេសវិញ ដោយលេងជាកីឡាករខ្ចីជើងអោយ Everton។ រូបគេក៏ជាកីឡាករដំបូង ដែលផ្លាស់មកកាន់កីឡដ្ឋាន Goodison Park ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក David Moyes និងក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មី The Friedkin Group ។

ក្នុងការផ្លាស់មកកាន់ Everton នេះដែរ សាមីកីឡាករ Carlos Alcaraz បានបញ្ចេញចំណាប់អារម្មណ៍ថា “ ខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជែងជាមួយក្លិប Everton ហេតុដូច្នេះហើយបានជាខ្ញុំមកទទួលយកការផ្តល់ជូនដើម្បីបន្តការតស៊ូដើម្បីក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំចង់ប្រាប់អ្នកគាំទ្រថា នៅពេលណាដែលខ្ញុំពាក់អាវរបស់ Everton ខ្ញុំនឹងលះបង់អោយអស់ពីសមត្ថភាព ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមាន ដើម្បីជួយក្លិប។”

សម្រាប់ការផ្ទេរ Carlos Alcaraz នេះត្រូវបានប្រកាសជាផ្លូវការដោយ Everton បន្ទាប់ពីបានផ្ញើសំបុត្រស្នាមនិងកិច្ចព្រមព្រៀងមួយទៅកាន់សា្ថប័ន Premier League ដើម្បីអនុញ្ញាតអោយបន្តការផ្លាស់ប្តូរកីឡាកររហូតដល់នាទីចុងក្រោយនៃទីផ្សារដោះដូររដូវរងា។

ប្រភពជិតស្និទ្ធនឹងក្លិប Everton បានប្រាប់ BBC Sport ថាការយឺតយ៉ាវគឺដោយសារតែការពិភាក្សាដែលកើតឡើងទាក់ទងនឹងកិច្ចព្រមព្រៀងនានានៅក្នុងកិច្ចសន្យារបស់កីឡាករ។

វត្តមានរបស់ Carlos Alcaraz គឺជាការបន្ថែមជម្រើសខ្សែបម្រើរបស់ Everton បន្ទាប់ពីកីឡាករអន្តរជាតិបែលហ្ស៊ិក Orel Mangala បានរងរបួសជង្គង់ដែលអាចអវត្តមានដល់ចប់រដូវកាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង