ខ្សែបម្រើ Mario Lemina បានសម្រេចក្នុងការផ្លាស់ចេញពីក្លិបអង់គ្លេស Wolverhampton ទៅកាន់ក្លិបតួកគី Galatasaray ក្នុងកិច្ចព្រមព្រៀងតម្លៃ ២ លានផោន ។
កីឡាករជនជាតិហ្កាបុង បានចុះកិច្ចសន្យារយៈពេល ១ឆ្នាំកន្លះ អមដោយជម្រើសបន្លាយថែមមួយឆ្នាំទៀត ដោយទទួលបានប្រាក់ឈ្នួល៤ម៉ឺន៨ពាន់ផោន ក្នុងមួយសប្តាហ៍ជាមួយក្លិបនៅក្របខណ្ឌ Süper Lig។
Mario Lemina ធ្លាប់លេងជាកីឡាករខ្ចីជើងអោយ Galatasaray ពីមុនរួចមកហើយ អំឡុងរដូវកាល ២០១៩-២០ ដោយកាលណោះគេនៅជាកីឡាកររបស់ Southampton។ លេងជាលើកទី១ អោយ Galatasaray កីឡាករវ័យ៣១ឆ្នាំ បានបង្ហាញខ្លួន ២៨ដង ស៊ុតបាន១គ្រាប់ផងដែរ។
សម្រាប់ការវិលមកកាន់ទឹកដី Rams Park ជាលើកទី២ ក្នុងនាមជាកីឡាករអចិន្ត្រៃយ៍ Mario Lemina បានអោយដឹងថា “អ្នកគ្រប់គ្នាដឹងថាខ្ញុំស្រលាញ់ក្លិបនេះ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រលប់មកក្លិបដ៏អស្ចារ្យនេះ។ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ក្លិប និងអ្នកគាំទ្រ។ ខ្ញុំសង្ឃឹមថាយើងអាចសម្រេចបាននូវភាពជោគជ័យជាមួយគ្នា។”
Mario Lemina បានចូលរួមជាមួយ Wolverhampton ពីក្លិបបារាំង Nice ក្នុងខែមករាឆ្នាំ ២០២៣ប៉ុន្តែមិនបានបដិសេធមិនបង្ហាញខ្លួនចាប់តាំងពីថ្ងៃទី៦ ខែមករា បន្ទាប់ពីរបូតតំណែងប្រធានក្រុមរបស់ខ្លួនទៅអោយកីឡាករ Nelson Semedo កាលពីខែធ្នូ។
Lemina បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្លិបបារាំង Lorient ហើយក៏បានលេងអោយ Marseille មុនពេលចូលរួមជាមួយ Juventus ក្នុង ឆ្នាំ២០១៥ ។ Southampton បានចំណាយកំណត់ត្រាក្លិប ១៨,១ លានផោនសម្រាប់ការនាំយក Mario Lemina ក្នុងឆ្នាំ ២០១៧ ហើយគេបានបង្ហាញខ្លួន ៥២ ដងសម្រាប់ក្លិប។ បន្ទាប់ពីលេងខ្ចីជើងនៅ Galatasaray និង Fulham កីឡាកររូបនេះក៏បានផ្ទេរជាអចិន្ត្រៃយ៍ពី Southampton ទៅចូលរួមជាមួយ Nice ក្នុងឆ្នាំ ២០២១៕