×

គ្រូ Liverpool រីករាយក្រោយក្រុមខ្លួនបន្តឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup

គ្រូបង្វឹក លោក Arne Slot បានបង្ហាញពីភាពរីករាយបន្ទាប់ពីក្រុម Liverpool របស់លោក បានបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ។

ជាការពិត Liverpool ដែលជាក្រុមការពារជើងឯកពានរង្វាន់ EFL Cup នេះ បានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុម Tottenham Hotspur នៅក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-០។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Anfield កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Liverpool បានលេងគ្របសង្កត់ទៅលើគូប្រកួត ដោយអាចគ្រប់គ្រង់បាល់ ៦៤ភាគរយ មានឱកាសស៊ុតបាល់ ២៦ដង ខណៈ ក្រុមភ្ញៀវ Tottenham Hotspur មានឱកាសស៊ុតបាល់តែ៥ដង។

គ្រាប់បាល់បើកឆាករបស់ Liverpool បានកើតឡើងនៅនាទី៣៤ នៃវគ្គទី១ ដោយ Cody Gakpo ខណៈគ្រាប់បាល់ជាបន្តបានកើតឡើងនៅក្នុងវគ្គទី២ ដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Mohamed Salah នៅនាទី៥១ គ្រាប់បាល់របស់ Dominik Szoboszlai នៅនាទី៧៥ និង គ្រាប់បាល់របស់ Virgil van Dijk នៅនាទី៨០ ដើម្បីឈ្នះការប្រកួតទាំងស្រុង។

កាលពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅកីឡដ្ឋាន Tottenham Hotspur Stadium ក្រុម Liverpool បានចាញ់ Tottenham Hotspur ដោយលទ្ធផល ១-០ ប៉ុន្តែ ការឈ្នះនៅក្នុងជើងទី២នេះ បានធ្វើអោយ ក្រុមហង្សក្រហម ឈ្នះក្នុងលទ្ធផល សរុបទាំង២ជើង ៤-១ ដែលធ្វើអោយពួកគេបានឡើងទៅវគ្គផ្តាច់ព្រ័ត្រសាជាថ្មី។

ជាមួយលទ្ធផលនេះ បានធ្វើអោយ គ្រូបង្វឹក Liverpool លោក Arne Slot មានភាពរីករាយ និងថា ក្រុមរបស់លោកមានភាពល្អប្រសើរគ្រប់គ្រាន់ដើម្បីប្រជែងពានរង្វាន់ក្នុងរដូវកាលដំបូងដែលលោកដឹកនាំ។

លោក Arne Slot បានថ្លែងដូច្នេះ “ វាពិតជាពិសេសណាស់ដែលក្រុមរបស់យើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ និង ត្រៀមខ្លួនប្រជែងពានរង្វាន់។ វាជារដូវកាលដំបូងរបស់ខ្ញុំជាមួយ Liverpool ប៉ុន្តែក្រុមមិនបានធ្វើអោយខ្ញុំខកបំណងទេ រាល់ការខិតខំរបស់គ្រប់គ្នា។ យើងព្យាយាមកែលម្អក្រុម។ កីឡាករព្យាយាមយ៉ាងខ្លាំងដើម្បីកែលម្អខ្លួនឯង ប៉ុន្តែចុងក្រោយវាគឺអំពីការឈានដល់វគ្គផ្តាច់ព្រ័ត្រ និងឈ្នះពានរង្វាន់។”

Liverpool នឹងបន្តឡើងវគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយត្រូវជួប Newcastle United ដែលបានឈ្នះ Arsenal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផលសរុបទាំង២ជើង ៤-០។ ការប្រកួតរវាង Liverpool និង Newcastle United នឹងធ្វើឡើងនាកីឡដ្ឋាន Wembley ថ្ងៃទី ១៦ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង