×

គ្រូ Man UTD បង្ហាញការព្រួយបារម្ភចំពោះរបួសរបស់ខ្សែការពារ Lisandro Martinez

គ្រូបង្វឹក Man UTD លោក Ruben Amorim បានបង្ហាញការព្រួយបារម្ភអំពីបញ្ហារបួសរបស់ ខ្សែការពារ Lisandro Martinez ដែលមានសភាពធ្ងន់ធ្ងរ។

ជាការពិត Lisandro Martinez បានរងរបួសរហែកសរសៃពួរជង្គង់ ACL ដែលធ្វើអោយគេត្រូវការពេលវេលាដើម្បីព្យាបាលរបួសនេះយ៉ាងហោចណាស់៦ខែ ទើបអាចត្រឡប់មកជួយក្រុមវិញបាន។ របួសរបស់កីឡាករអាហ្សង់ទីនបានកើតឡើងក្នុងការប្រកួតដែល Man UTD បានចាញ់ក្រោមថ្វីជើងរបស់ Crystal Palace ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford កាលពីចុងសប្តាហ៍មុន។

ក្នុងការប្រកួតនោះ Lisandro Martinez បានព្យាយាមប្រជែងយកបាល់ជាមួយខ្សែប្រយុទ្ធរបស់ Crystal Palace ។ តាមការត្រួតពិនិត្យរបស់គ្រូពេទ្យរបស់ក្លិប បង្ហាញថា របួសនេះមានភាពធ្ងន់ធ្ងរ ដែលតម្រូវអោយគេត្រូវការពេលជាច្រើនខែដើម្បីព្យាបាល។

ទាក់ទិននឹងបញ្ហានេះ លោក Ruben Amorim បានចេញមកបង្ហាញការព្រួយបារម្ភអំពីស្ថានភាពកីឡាកររបស់ខ្លួនថា “ការវាយតម្លៃរបួសកំពុងបន្តដើម្បីកំណត់វគ្គនៃការព្យាបាលសមស្រប និងពេលវេលាសម្រាប់ការស្តារនីតិសម្បទារបស់ Lisandro Martinez។ គ្រប់គ្នានៅ Man UTD គាំទ្ររូបគេអោយមានកម្លាំងចិត្តក្នុងការតស៊ូព្យាបាលរបួស។ គេស្ថិតក្នុងភាពលំបាក តែយើងនឹងបន្តជួយរូបគេគ្រប់ជំហានជានិច្ច។”

វាជារឿងដ៏អាក្រក់មួយរបស់ Man UTD ខណៈដែលពួកគេកំពុងតែមានភាពដុនដាបផងហើយពេលនេះមកជួបបញ្ហារបួសនេះបន្ថែមទៀត ខណៈដែលកីឡាករវ័យ២៧ឆ្នាំនឹងត្រូវខកខានជួយក្រុមរហូតដល់ចប់រដូវកាលនេះតែម្ដង។

នៅតំបន់ស្លាបឆ្វេងនេះគេមិនទាន់ឃើញ Luke Shaw បានត្រឡប់មកជួយក្រុមវិញបាននៅឡើយទេ ខណៈដែលគិតមកដល់ពេលនេះចូល១ឆ្នាំទៅហើយដោយសារតែរបួស។
គិតមកដល់ពេលនេះ Man UTD កំពុងឈរនៅលេខរៀងទី១៣ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ហើយនៅសល់១៤ប្រកួតទៀតសម្រាប់រដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង