×

Fulham សម្រេចនាំយកខ្សែបម្រើ Willian មករួមក្រុមសាជាថ្មី

Fulham បានចុះហត្ថលេខាលើខ្សែបម្រើស្លាប Willian ម្តងទៀតរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ គឺប្រាំមួយខែបន្ទាប់ពីរូបគេបានចាកចេញពីក្លិប។

កីឡាករសញ្ជាតិប្រេស៊ីលដែលធ្លាប់បានលេងអោយ Fulham កាលពីឆ្នាំ ២០២២-២៤ បានចូលរួមជាមួយក្រុមសាជាថ្មីក្នុងនាមជាកីឡាករឥតតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្រុមក្រិច Olympiakos នៅចុងខែធ្នូ។

ការចូលរួមជាមួយ Fulham ជាលើកទី២ ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន រូបគេមិនចាំបាច់ត្រូវបញ្ជាក់ជាមួយស្ថាប័ន Premier League ក្រោយថ្ងៃផុតកំណត់ទីផ្សារទិញដូរកីឡាកររដូវរងាទេ។

ទាក់ទិននឹងការវិលមកលេងអោយ Fulham នេះដែរ Willian បាននិយាយថា “ខ្ញុំសប្បាយចិត្តដែលបានត្រលប់មកវិញ ហើយខ្ញុំគិតថាយើងអាចធ្វើរឿងល្អរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមជាមួយមិត្តរួមក្រុមរបស់ខ្ញុំ និងធ្វើរឿងល្អនៅក្នុងទីលាននោះទេ។”

កីឡាករវ័យ ៣៦ ឆ្នាំ បានបង្ហាញខ្លួនចំនួន ៦៧ លើកក្នុងការប្រកួតពីមុនរបស់គេ ជាមួយ Fulham ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៧ ដង។ Willian បានផ្លាស់ទៅប្រទេសក្រិចក្នុងខែកញ្ញា ប៉ុន្តែបានលេងត្រឹមតែ៣ខែប៉ុណ្ណោះ។

Willian បានបង្ហាញខ្លួន ៣១៧ ប្រកួតនៅក្របខណ្ឌ Premier League ដោយបានចំណាយពេល ៧ ឆ្នាំនៅ Chelsea និង១រដូវកាលនៅ Arsenal ។ គ្រូបង្វឹក Fulham លោក Marco Silva បានពណ៌នា Willian ថាជាកីឡាករអាជីពកំពូលម្នាក់ ដោយបន្ថែមថាគេមានសមត្ថភាពជួយក្រុមបានល្អ។

Fulham បច្ចុប្បន្នកំពុងឈរលេខ៩ នៃតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៣៦ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ ៩ ស្មើ ៩ ចាញ់៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង