ក្លិប Liverpool បានត្រៀមខ្លួនបញ្ចេញខ្សែប្រយុទ្ធ Darwin Núñez នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Fichajes។
កីឡាករអ៊ុយរូហ្កាយ បានផ្លាស់ពីក្លិបព័រទុយហ្កាល់ Benfica មកកាន់ក្លិប Liverpool កាលពីឆ្នាំ២០២២ ដោយមានក្តីរំពឹងខ្ពស់ពីការបញ្ចេញសមត្ថភាពរបស់គេ។ ទោះយ៉ាងណាក៏ដោយ ការសម្របខ្លួនរបស់ Darwin Núñez នៅក្របខណ្ឌ Premier League ហាក់មិនមានភាពល្អប្រសើរខ្លាំងនោះឡើយ។
ដូច្នេះហើយ Liverpool មានបំណងចង់បញ្ចេញរូបគេចេញទៅវិញនៅពេលខាងមុខ។ ប្រភពពីសារពត៌មានខាងដើមដដែលបាន អោយដឹងថា ក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីតដែលមិនត្រូវបានបញ្ចេញឈ្មោះ បានចាប់អារម្មណ៍ កីឡាករវ័យ២៥ឆ្នាំ នឹងមានបំណងដាក់សំណើដ៏ល្អមួយ ដើម្បីនាំយករូបគេទៅចូលរួម ជាមួយនឹងការផ្តល់ជូនឱកាសថ្មីៗនៅក្នុងអាជីពរបស់គេផងដែរ។
ក្រៅពីក្លិបនៅអារ៉ាប៊ីសាអូឌីតហើយ ក្លិបអ៊ីតាលី AC Milan ក៏កំពុងចាប់អារម្មណ៍ Darwin Núñez ដូចគ្នា។ ការដែល AC Milan ចង់បាន Darwin Núñez ព្រោះពួកគេចង់យកទៅជំនួស ខ្សែប្រយុទ្ធ Rafael Leão ដែលត្រូវជឿថា នឹងចាកចេញពី AC Milan នៅរដូវក្តៅ។
ម្យ៉ាងវិញទៀត លោក Arne Slot ដែលជាគ្រូបង្វឹករបស់ Liverpool ក៏កំពុងប្រឈមមុខនឹងការខកចិត្តជាមួយនឹងកីឡាករសំខាន់២រូបនៅ Liverpool គឺ Luis Díaz និង Diogo Jota ។ ទោះបីជាអ្នកទាំងពីរមានសារៈសំខាន់នៅក្នុងក្រុមនាពេលថ្មីៗនេះក៏ដោយ ប៉ុន្តែ លោក Slot មានអារម្មណ៍ថាពួកគេមិនបានឈានដល់កម្រិតដែលរំពឹងទុកនៅលើទីលាននោះទេ។ នេះអាចបង្ហាញថា Liverpool កំពុងតែរៀបចំផែនការផ្លាស់ប្តូរសំខាន់ៗនៅក្នុងក្រុមរបស់ខ្លួន ដែលអាចនាំអោយមានការវាយតម្លៃឡើងវិញនូវក្រុមរបស់ពួកគេជាមួយកីឡាករដូចជា Núñez, Díaz និង Jota ៕