ប្រភពពីសារព័ត៌មាន Daily Mail បានអោយដឹងថា ម្ចាស់ភាគហ៊ុនធំរបស់ក្លិប Crystal Palace លោក John Textor មានគម្រោងផ្ទេរខ្សែប្រយុទ្ធរកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប Jean-Philippe Mateta ទៅក្លិបអឺរ៉ុបមួយទៀតដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកដែរ។
កីឡាករបារាំង បានស៊ុតបញ្ចូលទី២គ្រាប់កាលពីការប្រកួត Premier League សប្តាហ៍ទី២៤ ដែលបានជួយ Crystal Palace ឈ្នះ Man UTD ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Old Trafford។
ការរកគ្រាប់បាល់របស់ Jean-Philippe Mateta ដែលបានជួយក្រុមឈ្នះនោះ ធ្វើអោយពួកគេកាន់តែមានក្តីរំពឹងបន្ថែម ក្នុងការធានាកៅអីបន្តលេងលីគកំពូលអង់គ្លេសទៀតនៅរដូវកាលក្រោយ។
កីឡាករវ័យ២៧ឆ្នាំ ក៏បានកា្លយជាកីឡាករសំខាន់និងមានប្រជាប្រិយភាពមួយរូបនៅ Crystal Palace ដោយវត្តមានរបស់គេនៅ៤រដូវកាលកន្លងមក រូបគេបាន បង្ហាញខ្លួន ១១៨ ដង ស៊ុតបាន ៣៩គ្រាប់ និង ចែកបាល់សម្រេចទីជាច្រើនដងទៀត។ ដោយសារសមត្ថភាព និង ទេពកោសល្យរបស់គេជាមួយ Crystal Palace បែបនេះហើយ ទើបម្ចាស់ភាគហ៊ុនធំ លោក John Textor មានបំណងចង់នាំយករូបគេទៅជួយក្លិបដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកតាំងពីឆ្នាំ២០២២ នោះគឺក្លិបបារាំង Lyon។
គម្រោងនេះក៏កើតឡើងចំពេលដែល Mateta បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិបធំៗដទៃនៅអឺរ៉ុប បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏រឹងមាំកន្លងមក។ តួយ៉ាង សារព័ត៌មានរបស់អេស្ប៉ាញ Fichales បានរាយការណ៍ថា Jean-Philippe Mateta បានក្លាយជាគោលដៅសម្រាប់ Barcelona ខណៈដែលក្លិបនៅតំបន់ Catalan ចង់ពង្រឹងតំបន់ខ្សែប្រយុទ្ធរបស់ពួកគេ ដោយពិចារណាលើអាយុកាន់តែជ្រេរបស់កីឡាករអន្តរជាតិប៉ូឡូញ Robert Lewandowski ។
ប្រសិនបើ Jean-Philippe Mateta បន្តទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើលរបស់គេក្នុងប្រទេសអង់គ្លេសក្នុងរដូវកាលនេះ នោះក្លិបនៅ Premier League ជាច្រើនអាចនឹងធ្វើការដាក់សំណើនាំយករូបគេនៅរដូវក្តៅក្រោយ។ ដោយឡែក ក៏មានការរាយការណ៍ដែរថា Lyon ត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កៅអី UEFA Champions League បើសិនជាចង់អោយ Mateta ផ្លាស់ទៅក្លិបបារាំងនោះ៕