×

Man City បន្តដាក់បណ្តឹងផ្លូវច្បាប់ប្រឆាំងនឹង Premier League រឿងរិតបន្តឹងម្ចាស់ឧបត្ថម្ភ

ក្លិប Man City បានចាប់ផ្តើមដាក់បណ្តឹងផ្នែកផ្លូវច្បាប់ថ្មីប្រឆាំងនឹងស្ថាប័ន Premier League ជុំវិញច្បាប់ថ្មីដែលរិតបន្តឹងកិច្ចព្រមព្រៀងម្ចាស់ឧបត្ថម្ភ ។

កាលពីឆ្នាំមុន ក្រុមប្រឹក្សាអាជ្ញាកណ្តាលឯករាជ្យមួយបានរកឃើញ ប្រតិបត្តិការសាច់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ដែលបានហូរចូលទៅកាន់ក្លិប Man City ក្នុងនាមជាការប្រើប្រាស់ឈ្មោះម្ចាស់ឧបត្ថម្ភ។
បែបនេះហើយ ស្ថាប័ន Premier League ក៏បានបង្កើតច្បាប់បន្ថែម ដើម្បីការពារក្លិបនានាពីការរកប្រាក់ចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម្ចាស់ក្រុមហ៊ុនឧបត្ថម្ភ ដែលត្រូវបានចាត់ទុកថាលើសពីតម្លៃទីផ្សារសមរម្យ ។

នៅក្នុងខែវិច្ឆិកាឆ្នាំមុន ភាគច្រើននៃក្លិបបាល់ទាត់នៅលីគកំពូលអង់គ្លេស បានបោះឆ្នោតយល់ព្រមអនុម័តលើវិសោធនកម្មច្បាប់ថ្មីនោះ ទោះបីជាមានការប្រឆាំងពី Man City និងក្លិបមួយចំនួនទៀតដូចជា Newcastle United, Nottingham Forest និង Aston Villa ក្តី។

បន្ទាប់ពីការសម្រេចនេះ Man City បានរិះគន់ និងបញ្ជាក់ថា ពួកគេនឹងបន្តចាត់វិធានការតស៊ូផ្នែកផ្លូវច្បាប់បន្ថែមទៀត ។ Man City បានទទូចថាការផ្លាស់ប្តូរដែលបានស្នើឡើងរបស់លីគកំពូលអង់គ្លេស ដែលរិតសម្រាប់ប្រាក់ពីម្ចាស់ឧបត្ថម្ភ គឺជារឿងមួយដែលមិនត្រឹមត្រូវ។

ទាក់ទិននឹងបញ្ហានេះ ស្ថាប័ន Premier League និងក្លិប Man City បានចូលរួមសវនាការជាច្រើនដងដើម្បីធ្វើការដាក់ស្នើទាក់ទងនឹងផលប៉ះពាល់នៃសេចក្តីសម្រេចច្បាប់ខាងដើម។

នេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងការតស៊ូផ្នែកផ្លូវច្បាប់ដ៏យូរអង្វែង ដែលបានធ្វើអោយភាគីទាំងសងខាងខាតបង់ប្រាក់រាប់លានផោនរួចជាស្រេចក្នុងថ្លៃរត់ការផ្លូវច្បាប់។

Man City ក៏កំពុងរង់ចាំលទ្ធផលនៃសវនាការវិន័យដ៏សំខាន់ផងដែរ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយ ស្ថាប័ន Premier League ជាមួយនឹងការបំពានច្បាប់ហិរញ្ញវត្ថុជាង ១០០ ករណី ស្របពេល ក្លិបមួយនេះ បដិសេធការប្រព្រឹត្តខុស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង