គ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយកាលពីពេលថ្មីៗនេះថា លោកសប្បាយចិត្តជាមួយនឹងរបៀបដែលទីផ្សារដោះដូរកីឡាកររដូវរងាបានដំណើរការ ទោះជាក្រុមរបស់លោកមិនបាននាំយកកីឡាករមកបន្ថែម ស្របពេលខ្សែប្រយុទ្ធ Nicolas Jackson និង Marc Guiu កំពុងមានរបួសក្តី។
Nicolas Jackson និង Marc Guiu បានរងរបួសនៅក្នុងការប្រកួតឈ្នះ ២-១ នៅទឹកដី West Ham ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី២៤។ ទោះកីឡាករកំពុងមានរបួស តែលោក Maersca ក៏បានបញ្ជាក់ថា លោកមិនមានការសោកស្ដាយទេដែល Chelsea មិនបានចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ក្នុងទីផ្សាររដូវរងា បើទោះជាកន្លងមកមានការផ្សារភ្ជាប់ជាមួយកីឡាករជាច្រើនរូបដូចជា Alejandro Garnacho, Mathys Tel និង Jamie Bynoe-Gittens ក៏ដោយ ។
ទាក់ទិននឹងបញ្ហានេះ លោក Maresca បាននិយាយថា “យើងបានគ្រោងទុកជាមួយនឹងកីឡាករដែល ចង់ចាកចេញ និងកីឡាករដែលយើងត្រូវការ។ នៅទីបញ្ចប់ ខ្ញុំគិតថាយើងបានធ្វើអ្វីៗទាំងអស់ដែលយើងត្រូវការ។ យើងមានខ្សែប្រយុទ្ធពីរនាក់ដែលមានរបួសគឺ Nico និង Marc ប៉ុន្តែ ពេលខ្លះយើងត្រូវសម្របខ្លួន ហើយទោះជាយើងមិនបាននាំយកកីឡាករមកបន្ថែមដើម្បី ប៉ុន្តែខ្ញុំមិនសោកស្តាយទេ ហើយនៅតែពេញចិត្តប្រើប្រាស់កីឡាករបច្ចុប្បន្នរបស់ខ្ញុំ។”
នៅទីផ្សាររដូវរងា Chelsea បាននាំចូលកីឡាករតែមួយរូបគត់គឺខ្សែបម្រើបារាំង Mathis Amougou មកពី Saint-Étienne ខណៈក្លិបបានអនុញ្ញាតអោយកីឡាករ ៦ នាក់ចាកចេញ ដោយក្នុងនោះមាន Joao Felix, Ben Chilwell, Axel Disasi, Renato Veiga, Cesare Casadei និង Carney Chukwuemeka ។
ដោយឡែក នៅពេលដែលត្រូវបានសួរអំពីការខ្ចីជើងរបស់ Joao Felix ទៅ AC Milan បន្ទាប់ពីចូលរួមរបស់គេជាមួយក្លិបកាលពី៦ខែមុន លោក Maresca បានបន្ថែមថា “យើងបានសម្រេចចិត្តទាំងអស់គ្នាថាវាជាជម្រើសដ៏ល្អសម្រាប់គាត់ក្នុងការចាកចេញ។ និយាយតាមត្រង់ទៅ គេមិនដែលត្អូញត្អែរទេ គេជាកីឡាករល្អមួយរូប គ្រាន់តែនោះជាការសម្រេចចិត្តរបស់ខ្ញុំ។ មូលហេតុគឺដោយសារតែខ្ញុំគិតថាយើងត្រូវការតុល្យភាពក្នុងក្រុម ហើយនៅពេលដែលអ្នកមានកីឡាករច្រើនពេកគឺខ្ញុំមិនចូលចិត្តនោះទេ។”
Chelsea បច្ចុប្បន្នកំពុងឈរលេខ ៤ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៤៣ពិន្ទុ ពីលើក្រុមលេខ៥ Man City ចំនួន២ពិន្ទុ។ Chelsea នឹងវិលមកកាន់ការប្រកួតលីគកំពូលអង់គ្លេសវិញ ដោយនឹងត្រូវប៉ះ Brighton នៅកីឡដ្ឋាន Amex Stadium ចុងសប្តាហ៍នេះ៕