សមាគមកីឡាករបាល់ទាត់អាជីព PFA ចង់តស៊ូតាមផ្លូវច្បាប់ជាមួយ Premier League បន្ទាប់ពីស្ថាប័នលីគកំពូលអង់គ្លេសមួយនេះ បានប៉ុនប៉ងរារាំងលទ្ធភាពនៃការដំឡើងប្រាក់ខែរបស់កីឡាករ និង ភ្នាក់ងារកីឡាករ។
ក្លិបទាំងអស់នៅក្របខណ្ឌ Premier League បានបោះឆ្នោតកាលពីឆ្នាំមុន ដើម្បីស្វែងរកការណែនាំនៃការចំណាយចាប់ពីដើមរដូវកាល ២០២៥-២៦ ដែលជាផ្នែកមួយនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មីដើម្បីជំនួសច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR។
ប្រព័ន្ធថ្មីនេះនឹងកំណត់ការចំណាយរបស់ក្លិបទៅលើថ្លៃចាយវាយ ប្រាក់ឈ្នួលកីឡាករ និងថ្លៃបង់អោយភ្នាក់ងារកីឡាករ។ គោលការណ៍នេះមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងធ្វើអោយជាប់គាំងដល់ប្រាក់ចំណូលរបស់ក្លិបតូចៗដទៃ។
ក្លិបសរុបចំនួន ១៦ បានបោះឆ្នោតគាំទ្រគោលការណ៍ថ្មីរបស់ Premier League ខណៈ Man UTD, Man City និង Aston Villa បោះឆ្នោតប្រឆាំង ហើយ Chelsea បានធ្វើអនុប្បវាទ។
ជុំវិញបញ្ហានេះ PFA បានទាក់ទងទៅកាន់ស្ថាប័ន Premier League នឹងព្រមានអំពីសកម្មភាពផ្លូវច្បាប់ ដោយយល់ថា ក្លិបមួយចំនួនមិនអាចបំពេញតាមការចំណាយនោះទេ។ PFA ក៏អះអាងថា Premier League មិនទាន់ពន្យល់ពីមូលហេតុនិងព័ត៌មានលម្អិតអំពីរបៀបដែលប្រព័ន្ធថ្មីនឹងដំណើរការឡើយ។
សម្រាប់ ស្ថាប័ន Premier League វិញ បានបញ្ជាក់ថា ពួកគេបានទទួលយកការចោទសួរពី PFA និងបានផ្ញើលិខិតទៅកាន់ក្លិបទាំង ២០ ផងដែរដើម្បីស្វែងរកមតិកែលម្អ។
កាលពីពេលកន្លងទៅ Premier League បានយល់ព្រមរួចហើយដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុថ្មី ដើម្បីជំនួសច្បាប់ PSR ចាប់ពីរដូវកាល ២០២៥-២៦ ជាមួយនឹងការគ្រប់គ្រងតម្លៃខ្លួនក្រុមកីឡាករ។
វានឹងគ្រប់គ្រងការចំណាយហើយកំណត់ក្លិបនីមួយៗអោយចំណាយ ៨៥ ភាគរយនៃប្រាក់ចំណូលសរុបរបស់ពួកគេទៅលើប្រាក់ឈ្នួលកីឡាករ ការទូទាត់ផ្ទេរកីឡាករ និងថ្លៃភ្នាក់ងារកីឡាករ។
គោលការណ៍ថ្មី មានបំណងការពារការកើនឡើងអំណាចរបស់ក្លិបធំៗ ដូចជា Man City ជាដើម ដោយក្លិបនេះ ត្រូវបានគាំទ្រដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់អារ៉ាប់ ដែលធ្វើអោយពួកគេមានលទ្ធភាពខ្ពស់ទៅលើផ្នែកហិរញ្ញវត្ថុ៕