×

Newcastle ប្រជែងឈ្នះក្លិបធំ២ដើម្បីនាំយកខ្សែបម្រើ Antonio Cordero ពី Malaga

ក្លិបអង់គ្លេស Newcastle United ត្រូវបានរាយការណ៍ថា កំពុងមានភាគរយខ្ពស់ក្នុងការប្រជែងឈ្នះក្លិបធំៗចំនួន២របស់អេស្ប៉ាញគឺក្លិប Barcelona និង Real Madrid ដើម្បីចុះហត្ថលេខានាំយក ខ្សែបម្រើ Antonio Cordero ពីក្លិប Malaga។

តំណាងរបស់កីឡាករអេស្ប៉ាញ កំពុងពិភាក្សា និងមានទំនាក់ទំនងយ៉ាងល្អូកល្អឺនជាមួយ នាយកកីឡារបស់ក្លិប Newcastle United លោក Paul Mitchell ដែលធ្វើអោយមានការជឿថា ការផ្លាស់ប្តូររូបគេទៅកាន់កីឡដ្ឋាន St James’ Park នឹងកើតឡើងនៅរដូវក្តៅខាងមុខ។

ភាពវិជ្ជមានដែលគេរកឃើញបន្ថែមទៀតនោះគឺ Newcastle United បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយសាមីកីឡាករ Antonio Cordero រួចហើយ ដ្បិតរូបគេនឹងក្លាយជាកីឡាករឥតតម្លៃខ្លួន ក្រោយផុតកិច្ចសន្យាជាមួយ Malaga នាដំណាច់រដូវកាលនេះ។

ក្លិបធំៗរបស់អេស្ប៉ាញទាំង២ Barcelona និង Real Madrid បានចាប់អារម្មណ៍កីឡាកររូបនេះដែរ ប៉ុន្តែពួកគេហាក់ដូចជាធ្វើសកម្មភាពយឺតជាង Newcastle United មួយជំហានទៅហើយ។

Antonio Cordero ទើបតែឈានចូលអាយុ ១៨ ឆ្នាំប៉ុណ្ណោះក្នុងខែវិច្ឆិកា ប៉ុន្តែគេបានបញ្ចេញគុណផលយ៉ាងល្អ ដោយអាចស៊ុតបញ្ចូលទី៣គ្រាប់ ក្នុងចំណោម៤ប្រកួតចុងក្រោយរបស់គេ អោយក្លិប Malaga ដែលស្ថិតនៅលីគទី២អេស្ប៉ាញ។ រូបគេបានបង្ហាញខ្លួន ២៤ប្រកួតក្នុងលីគ និងបានព្យាយាមជួយក្រុមតាមស្មើ Levante ដោយលទ្ធផល ១-១ ទាំងប្រផុតប្រផើយ កាលពីពេលកន្លងទៅ។

Newcastle United ចង់បន្ថែមកីឡាករក្មេងៗមានទេពកោសល្យ នៅក្នុងក្រុមឈុតធំរបស់ខ្លួន។ តួយ៉ាង ពួកគេទើបតែធានាការចុះហត្ថលេខាលើខ្សែប្រយុទ្ធហ្សកហ្ស៊ី Vakhtang Salia ពីក្លិប Dinamo Tbilisi រួចហើយ ដោយកីឡាករវ័យ ១៧ឆ្នាំ នឹងផ្លាស់មកកាន់កីឡដ្ឋាន St James’ Park នៅពេលរូបគេមានអាយុ១៨ឆ្នាំ នៅក្នុងខែសីហា។ ខ្សែបម្រើសញ្ជាតិទួរគី Baran Yildiz វ័យ ១៨ឆ្នាំ ក៏ត្រៀមនឹងចុះហត្ថលេខាពីក្លិបទួរគី Genclerbirligi ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង