ខ្សែបម្រើ Bukayo Saka បានត្រឡប់ទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុម Arsenal វិញហើយ បន្ទាប់ពីបានធូរស្រាលរបួស។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Daily Mail។
កីឡាករអន្តរជាតិអង់គ្លេស បានទទួលរងរបួសសរសៃពួរក្នុងការប្រកួតដែល Arsenal យកឈ្នះ Crystal Palace ដោយលទ្ធផល ៥-១ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងខែធ្នូកន្លងទៅ ដែលរបួសនោះតម្រូវអោយរូបគេត្រូវធ្វើការវះកាត់ព្យាបាល និងបានខកខានការប្រកួតតាំងពីពេលនោះមក។
Bukayo Saka ត្រូវរំពឹងថា នឹងអាចត្រឡប់មកទីលានវិញរហូតដល់ខែមីនាឯណោះ ប៉ុន្តែឥឡូវនេះ រូបគេបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពជាសះស្បើយ បន្ទាប់ពីបានត្រលប់មកកាន់ការហ្វឹកហាត់ ពង្រឹងសមត្ថភាពឡើងវិញ។
កីឡាករវ័យ២៣ឆ្នាំ ត្រូវបានមើលឃើញពីការធ្វើដំណើរជាមួយមិត្តរួមក្រុមរបស់ខ្លួន ទៅកាន់ជំរុំហ្វឹកហាត់រដូវរងានាទីក្រុងឌូបៃ មុនពេលក្រុម Arsenal នឹងវិលត្រឡប់មកអង់គ្លេស ដើម្បីជួបក្រុម Leicester City ក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ នៅកីឡដ្ឋាន King Power ។
ការវិលត្រឡប់មកវិញរបស់ Bukayo Saka ហាក់ជាជំនួយដ៏សំខាន់មួយសម្រាប់ក្រុមរបស់លោក Mikel Arteta ចំពេលដែលខ្សែប្រយុទ្ធប្រេស៊ីល Gabriel Martinelli បានរបួសសរសៃពួរដែរ ដែលធ្វើអោយរូបគេនឹងអវត្តមានពីទីលានប្រហែលមួយខែ។ Arsenal ក៏មានក្តីរំពឹងវិជ្ជមានបន្ថែមទៀត ដោយសង្ឃឹមថា ខ្សែការពារ Ben White នឹងមានវត្តមានឡើងវិញនៅចុងសប្តាហ៍នេះ បន្ទាប់ពីសម្រាករយៈពេល៣ខែ ក្រោយការវះកាត់ជង្គង់៕