×

គ្រូ Real Madrid ថា ខ្លួនមានមោទកភាពបំផុតក្រោយវាយបកឈ្នះ Man City នៅ UEFA Champions League

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា លោកពិតជាមានភាពរីករាយនិងមោទនភាព ដែលកូនក្រុមរបស់លោកបានប្រឹងប្រែងរហូតអាចវាយបកយកឈ្នះក្រុម Man City ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ Playoff កាលពីយប់មិញ។

ជាការពិត Real Madrid បានវាយបកឈ្នះ Man City ដោយលទ្ធផល ៣-២ ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Etihad។ Erling Haaland ជាអ្នករកគ្រាប់បាល់សម្រាប់ ម្ចាស់ផ្ទះ Man City មុនក្នុងនាទី១៩ នៃវគ្គទី១។

យ៉ាងណា នៅក្នុងវគ្គទី២ នាទី៦០ Kylian Mbappé បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមភ្ញៀវ Real Madrid ប៉ុន្តែនទី៨០ Erling Haaland បានទាត់បាល់ពិន័យ១១ម៉ែត្រ ផ្តល់ការនាំមុខដល់ Man City ជាថ្មី។ បែបនេះក៏ដោយ Real Madrid នៅតែបន្តការវាយលុក រហូតតាមបាន២គ្រាប់បន្ថែមទៀត ដោយ Brahim Díaz នៅនាទី៨៦ និង Jude Bellingham នៅនាទី៩០+២។

ជាមួយនឹងជ័យជំនះនេះ លោក Ancelotti បានបង្ហាញសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំ Real Madrid ទៅកាន់ភាពជោគជ័យជាលើកដំបូងរបស់ពួកគេនៅឯកីឡដ្ឋាន Etihad ដែលជាជ័យជំនះដែលលោកគិតថាសមនឹងទទួលបានដោយសារតែការព្យាយាម និងឱកាសដែលក្រុមបានបង្កើត។

គ្រូបង្វឹកជនជាតិអ៊ីតាលីបានអោយដឹងដូច្នេះ “យើងពិតជាមានការប្រកួតដ៏អស្ចារ្យមួយ។ យើងគួរតែសប្បាយចិត្តជាមួយនឹងលទ្ធផល។ យើងពិតជាមានឱកាសច្រើន កីឡាករក៏ធ្វើបានល្អហើយខ្ញុំមានមោទភាពណាស់ដែលបានធ្វើជាគ្រូបង្វឹករបស់ពួកគេ។ ប៉ុន្តែការពិតគឺ Man City បានលេងការប្រកួតដ៏ល្អផងដែរ ហើយការវាយលុកពួកគេបានបង្កើតបញ្ហាខ្លះសម្រាប់ពួកយើង។ ដូច្នេះហើយ យើងត្រូវរៀបចំអោយបានល្អសម្រាប់ជើងទី២ ហើយត្រូវចាំថា ការប្រកួតបែបនេះពង្រឹងទំនុកចិត្តរបស់យើងសម្រាប់ការប្រកួតនាពេលខាងមុខ។”

Real Madrid នឹងត្រូវជួប Man City ម្តងទៀតសម្រាប់ការប្រកួតជើងទី២ វគ្គ Playoff ពានរង្វាន់ UEFA Champions League ដែលនឹងធ្វើឡើងនាថ្ងៃទី១៩ ខែកុម្ភៈខាងមុខ នាកីឡដ្ឋាន Santiago Bernabéu របស់ Real Madrid វិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង