×

ខ្សែបម្រើ Joao Felix ចង់ផ្លាស់ចេញពី Chelsea ទៅចូលរួម AC Milan ជាអចិន្ត្រៃយ៍

ខ្សែបម្រើ Joao Felix បាននិយាយថា រូបគេមានបំណងចង់ផ្លាស់ចេញពី Chelsea ទៅចូលរួម AC Milan ជាអចិន្ត្រៃយ៍តែម្តង។

ជាការពិត Joao Felix បានចាកចេញពីក្លិប Chelsea ដើម្បីផ្លាស់ទៅចូលរួមជាមួយក្លិប AC Milan ក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ អតីតសមាជិក Benfica និង Atletico Madrid បង្ហាញខ្លួនជាកីឡាករជម្រើសដំបូងរបស់ Chelsea បានតែ៣ដងនៅក្នុងការប្រកួតក្របខណ្ឌ Premier League 2024-45។

សម្រាប់ការផ្លាស់ទៅកាន់ AC Milan របស់កីឡាករវ័យ២៥ឆ្នាំគឺមិនមានជម្រើសដែលតម្រូវអោយទិញផ្តាច់នោះទេ។ យ៉ាងណា ក្នុងការបង្ហាញខ្លួនអោយ AC Milan លើកដំបូងភ្លាម Joao Felix ក៏បានរកគ្រាប់បាល់បានសម្រេចផងដែរ ដោយរូបគេបានស៊ុតបញ្ចូលទីក្នុងការប្រកួតឈ្នះ Roma ៣-១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Coppa Italia។ រូបគេក៏បានរួមចំណែកជួយ AC Milan ឈ្នះការប្រកួតទល់នឹង Empoli ២-០ ក្នុងក្របខណ្ឌ Serie A ផងដែរ។

ជាមួយនឹងបរិយាកាសថ្មី និងក្រុមថ្មី ដែលធ្វើអោយខ្លួនហាក់មានភាពធូរស្រាល ល្អប្រសើរនោះ កីឡាករព័រទុយហ្កាល់ក៏បានប្រកាសប្រាប់ពីបំណងរបស់ខ្លួនក្នុងការក្លាយជាសមាជិក AC Milan ជាអចិន្ត្រៃយ៍ ដោយមិនចង់វិលទៅលេងអោយ Chelsea វិញទេ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើង។

Joao Felix បានអោយដឹងដូច្នេះ “វាជារឿងដ៏អស្ចារ្យដែលខ្ញុំបានលេង និង រកគ្រាប់បាល់អោយ AC Milan។ ខ្ញុំមានក្តីស្រឡាញ់ជាមួយក្រុម និង អ្នកគាំទ្រនៅទីនេះហើយ ហើយខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងណាស់។ ប្រសិនបើមានឱកាស ខ្ញុំពិតជាចង់បន្តលេងអោយក្រុមនេះ តទៅទៀតជាអចិន្ត្រៃយ៍។”

សូមបញ្ជាក់ថា Joao Felix បានចាប់ផ្តើមអាជីពរបស់ខ្លួននៅ Benfica ហើយបានផ្ទេរក្នុងតម្លៃ ១១៣ លានផោនទៅ Atletico Madrid ក្នុងខែកក្កដា ឆ្នាំ ២០១៩ ដែលជាកិច្ចព្រមព្រៀងដែលនៅពេលនោះគឺជាការផ្ទេរថ្លៃបំផុតទី ៥ ក្នុងប្រវត្តិសាស្ត្រ។ រូបគេធ្លាប់លេងជាកីឡាករខ្ចីជើងនៅ Chelsea និង Barcelona មុនពេលរូបគេផ្លាស់មកកាន់ Chelsea ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ ៤៥ លានផោនក្នុងខែសីហា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង