គ្រូបង្វឹកលោក Arne Slot បាននិយាយថា ខ្សែការពារ Trent Alexander-Arnold អាចនឹងវិលត្រឡប់មកកាន់ការប្រកួតវិញបាន ពេលដែល Liverpool ត្រូវប៉ះ Everton នៅក្នុងជំនួបក្របខណ្ឌ Premier League ពាក់កណ្តាលសប្តាហ៍នេះ។
កីឡាករអង់គ្លេសបានខកខាន២ប្រកួតចុងក្រោយរបស់ Liverpool បន្ទាប់ពីរងរបួសភ្លៅ អំឡុងការប្រកួតឈ្នះ Bournemouth ដោយលទ្ធផល ២-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីដើមខែកុម្ភៈនេះ។
យ៉ាងណាក៏ដោយ Alexander-Arnold ហាក់បង្ហាញពីភាពធូរស្រាល ក្រោយពីរូបគេបានវិលត្រលប់ទៅហ្វឹកហាត់ជាមួយក្រុមវិញហើយ ហើយលោក Slot សង្ឃឹមថា រូបគេនឹងកាន់តែមានភាពពេញលេញបន្ថែមទៀតដើម្បីអោយលោក អាចធ្វើការសម្រេចចិត្តអោយដាច់ស្រេចក្នុងការបញ្ចូលឈ្មោះរបស់គេ ចូលក្នុងបញ្ជីក្រុមដែលត្រូវធ្វើដំណើរទៅជួប Everton។ លោក Slot ក៏មានការរំពឹងខ្ពស់ថា Alexander-Arnold ពិតជាអាចរួមដំណើរជាមួយក្រុមទៅកាន់ការប្រកួតបាន។
ទាក់ទិននឹងរឿងនេះ គ្រូបង្វឹក វ័យ៤៦ឆ្នាំ បានអោយដឹងយ៉ាងដូច្នេះថា “Alexander-Arnold បានចូលរួមការហ្វឹកហាត់ជាមួយយើងវិញហើយ ដូច្នេះចាំមើលថាតើគេនឹងមានភាពល្អប្រសើរបន្ថែមទៀតឬយ៉ាងណា។ គេនឹងធ្វើការហ្វឹកហាត់ ជាមួយយើងជាលើកចុងក្រោយ ហើយស្ថានភាពជាបន្ត នឹងធ្វើអោយខ្ញុំសម្រេចចិត្តអំពីការបញ្ចូលឈ្មោះរបស់គេទៅប្រកួតបាន ឬ អត់។ យ៉ាងណា ខ្ញុំមានការជឿជាក់ថា Alexander-Arnold អាចនឹងរួមដំណើរជាមួយពួកយើង។”
សូមបញ្ជាក់ថា Liverpool កំពុងឈរកំពូលតារាង Premier League ដោយមាន ៥៦ពិន្ទុ ពីលើ ក្រុមលេខ២ Arsenal ចំនួន៦ពិន្ទុ។ រីឯ Everton កំពុងឈរលេខ១៦ មាន២៦ពិន្ទុ។ ជំនួប Merseyside Derby រវាង Liverpool នឹង Everton នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Goodison Park៕