ខ្សែការពារ Radu Dragusin បាននិយាយថា រូបគេមានភាពវិជ្ជមានក្នុងការព្យាបាលរបួស ហើយនឹងព្យាយាមវិលមកជួយ Tottenham Hotspur ក្នុងការប្រកួតវិញអោយបានមុនកាលកំណត់។
កីឡាករវ័យ២៣ឆ្នាំ ត្រូវបានដឹងថា នឹងអវត្តមានការប្រកួតដែលនៅសេសសល់ទាំងអស់នៃរដូវកាលនេះ បន្ទាប់ពីបានរងរបួសសរសៃពួរ ACL ជង្គង់ខាងស្តាំ ក្នុងការប្រកួតដែល Tottenham Hotspur ចាញ់ Elfsborg ក្នុងពានរង្វាន់ UEFA Europa League ហើយរបួសនោះតម្រូវអោយរូបគេការវះកាត់ព្យាបាល។
ទោះជាយ៉ាងណាក៏ដោយ Radu Dragusin បានប្រាប់អ្នកគាំទ្រថា រូបគេនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បី ត្រលប់មកវិញកាន់តែរឹងមាំនិងមានភាពឆាប់រហ័សក្នុងការជះសះស្បើយផងដែរ។
កីឡាករជនជាតិរូម៉ានីបានសរសេរលើបណ្តាញសង្គម Instagram របស់ខ្លួនថា “ខ្ញុំបានឆ្លងកាត់ការវះកាត់ដោយជោគជ័យ។ ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យទាំងមូលសម្រាប់ការថែទាំ និងវិជ្ជាជីវៈរបស់ពួកគេ។ ខ្ញុំក៏សូមអរគុណចំពោះសារលើកទឹកចិត្តរបស់អ្នកគាំទ្រ។ វាពិតជាអស្ចារ្យណាស់ដែលមានអារម្មណ៍ថាមានការគាំទ្របែបនេះ។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបានដើម្បីធានាអោយមានការជាសះស្បើយឡើងវិញដោយរលូន និងត្រលប់មកវិញកាន់តែខ្លាំង។ ខ្ញុំមានភាពវិជ្ជមានថា ខ្ញុំអាចធូរស្រាលមុនកាលកំណត់នឹងវិលមកជួយក្រុមបាន។”
ទោះជាសាមីកីឡាករនិយាយបែបនេះក្តី ប៉ុន្តែក្រុមគ្រូពេទ្យរបស់ក្លិប Tottenham Hotspur បានកំណត់ថា ស្ថានភាពរបស់ Radu Dragusin គឺរូបគេអាចត្រលប់ទៅកាន់ទីលានវិញ ដោយចាយពេលយ៉ាងហោចណាស់ ៧ ទៅ ៨ ខែដែរ។
Radu Dragusin ចូលរួមក្នុងបញ្ជីកីឡាកររបួសដ៏វែងរបស់ Tottenham Hotspur ដែលមាន Destiny Udogie, Guglielmo Vicario, James Maddison, Brennan Johnson, Timo Werner, Wilson Odobert, Cristian Romero និង Dominic Solanke ខណៈខ្សែការពារ Micky van de Ven និង Ben Davies ទើបតែធូរស្រាលរបួសនិងបានត្រលប់មកវិញថ្មីៗនេះប៉ុណ្ណោះ។
រឿងកីឡាកររងរបួសបានចោទជាបញ្ហាយ៉ាងខ្លាំងសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ange Postecoglou ដោយចាប់តាំងពីចាប់ផ្តើមរដូវកាល ២០២៤-២៥មក ពួកគេបានជួបប្រទះបញ្ហាកីឡាកររបួសដល់ទៅ២៧ ដងមកហើយ៕