×

គ្រូ Liverpool ថា ខ្លួនមានភាពធូរស្រាលក្រោយឈ្នះ Wolverhampton

គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា រូបលោកមានភាពធូរស្រាលនៅក្នុងចិត្តបន្ទាប់ពីយកឈ្នះ Wolverhampton រួចមក។

ការប្រកួតក្របខណ្ឌ Premier League នាកីឡដ្ឋាន Anfield បានបញ្ចប់ដោយ Liverpool ឈ្នះ Wolverhampton ២-១។

គ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះ Liverpool បានកើតឡើងតាំងពីនាទី១៥ ដោយ Luis Díaz ហើយ Mohamed Salah បានស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៣៧ បង្កើនការនាំមុខគ្រាប់ទី២។ រីឯគ្រាប់បាល់របស់ក្រុមភ្ញៀវ Wolverhampton កើតឡើងនៅនាទី៦៧ ដោយ Matheus Cunha។

សម្រាប់ជ័យជំនះនេះដែរ ត្រូវបានគ្រូបង្វឹក Liverpool លោក Arne Slot ចាត់ទុកថា ជារឿងល្អ ដែលធ្វើអោយលោកធូរស្រាលនៅក្នុងចិត្ត ព្រោះវាជាការធ្វើតេស្តផ្លូវចិត្តកីឡាកររបស់លោក ដោយបារម្ភខ្លាចមានបញ្ហាដូចកាលពីការប្រកួតទល់នឹង Everton។

រំឮកទៅកាន់ការប្រកួតនាកីឡដ្ឋាន Goodison Park កាលពីពេលកន្លងទៅ Liverpool បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹង Everton ប៉ុន្តែការប្រកួតនោះ មានភាពចលាចលកើតឡើង ដោយកីឡាករទាំងអស់មិនអាចទប់អារម្មណ៍បាន ក៏បានប៉ះទង្គិចគ្នាដែលនាំអោយមានការពិន័យជាច្រើនដង ហើយក្នុងនោះលោក Arne Slot ខ្លួនឯងក៏ត្រូវពិន័យកាតក្រហមផងដែរ។

លោក Arne Slot បានអោយដឹងក្រោយចប់ការប្រកួតថា “ ច្បាស់ណាស់ ខ្ញុំមានភាពធូរស្រាលនៅក្នុងចិត្ត ព្រោះខ្ញុំបារម្ភខ្លាចកើតមានរឿងហេតុដូចកាលពីការប្រកួតជាមួយ Everton ទៀត។ ការប្រកួតនេះ បានក្លាយជាការធ្វើតេស្តផ្លូវចិត្ត សម្រាប់កីឡាករ។ ភាពនឿយហត់ធ្វើអោយគ្រប់គ្នាពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនបាន ប៉ុន្តែក្រោយបានឈ្នះលើកនេះ ខ្ញុំបានមើលឃើញពីភាពខុសប្លែក ពីប្រកួតពេលមុន ហើយពួកយើងធ្វើបានល្អ ដូចដែលខ្ញុំជឿជាក់។”

ក្រោយឆ្លងកាត់ ២៥ប្រកួត Liverpool ឈ្នះ ១៨ ស្មើ៦ ចាញ់១ មាន៦០ពិន្ទុឈរកំពូលតារាង នាំមុខក្រុមលេខ២ Arsenal ៧ពិន្ទុ។ រីឯ Wolverhampton នៅលេខ១៧ មាន១៩ពិន្ទុ ពីលើតំបន់កាត់ចោល ២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង