ខ្សែបម្រើ Amad Diallo របស់ Man UTD នឹងត្រូវអវត្តមានការប្រកួតដល់ចប់រដូវកាលនេះ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរកជើង។
កីឡាករអន្តរជាតិកូតឌីវ័ បានទទួលរងរបួស នៅក្នុងអំឡុងពេលនៃការហ្វឹកហាត់របស់គេកាលពីពេលថ្មីៗនេះ។
ជុំវិញបញ្ហារបួស Diallo បានបង្ហោះសារនៅក្នុងគណនី Instagram ថា “ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយជាអកុសល ខ្ញុំនឹងអវត្តមានជាច្រើនខែព្រោះរបួស។ ប៉ុន្តែខ្ញុំនឹងត្រលប់មកវិញខ្លាំងជាងពេលណាៗទាំងអស់។
អវត្តមានរបស់កីឡាកររវ័យ២២ឆ្នាំ បានប៉ះទង្គិចយ៉ាងខ្លាំងដល់រដូវកាលដ៏លំបាកសម្រាប់ក្រុមបិសាចក្រហម ដោយកីឡាកររូបនេះ ជាកម្លាំងសំខាន់មួយរបស់គ្រូបង្វឹកលោក Ruben Amorim ដោយបានស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងចែកបាល់សម្រេចទី៦ដង ក្នុងការលេង ២២ ប្រកួតនៅក្នុងក្របខណ្ឌ Premier League ។
បញ្ហារបស់ Amad Diallo កើតឡើងចំពេលដែល Man UTD កំពុងមានកីឡាកររបួសច្រើនរូបដែលមានដូចជា Lisandro Martinez និង Kobbie Mainoo ជាដើម។
លោក Ruben Amorim ត្រូវបង្ខំចិត្តនាំយកកីឡាករយុវជនមួយចំនួនដូចជា Chido Obi, Ayden Heaven, Sekou Kone, Harry Amass និង Jack Fletcher មកជាកីឡាករបម្រុងសម្រាប់ការប្រកួតជាបន្ត។
ទោះយ៉ាងណា សម្រាប់ការប្រកួតក្របខណ្ឌ Premier League ចុងសប្តាហ៍កន្លងទៅ Man UTD នៅតែជួបប្រទះលទ្ធផលមិនល្អដោយបានចាញ់ Tottenham Hotspur ១-០។
Man UTD បានរអិលចុះទៅដល់លេខ១៥ ក្នុងតារាងពិន្ទុលីគកំពូលអង់គ្លេស ដោយមាន ២៩ពិន្ទុ ពីលើតំបន់កាត់ចោល១២ពិន្ទុ៕