សារព័ត៌មាន Caught Offside បានរាយការណ៍អោយដឹងថា ក្លិប Newcastle United បានដាក់គោលដៅក្នុងការផ្ទេរយកខ្សែបម្រើ Marcus Tavernier ពីក្លិប Bournemouth នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
កីឡាករអង់គ្លេស វ័យ២៥ឆ្នាំ គឺជាកីឡាករសំខាន់មួយរូបរបស់ Bournemouth ហើយរូបគេបានទទួលការចាប់អារម្មណ៍ ដោយសារមានភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត នៅលើទីលាន។ Marcus Tavernier បានបង្កើតឱកាសល្អៗជាច្រើនសម្រាប់ Bournemouth ក្នុងការប្រកួតកន្លងមក ហើយសមត្ថភាពរបស់គេបានធ្វើអោយ ម្ចាស់ក្លិប Newcastle United រួមទាំងគ្រូបង្វឹកលោក Eddie Howe ពេញចិត្តជាខ្លាំង នឹងដាក់គម្រោងផ្ទេរយកដ៏មានសក្កដានុពលមួយ។
មែនទែនទៅ Marcus Tavernier បានដុះដាលចេញពីថ្នាលយុវជនរបស់ Newcastle United ស្រាប់ មុនពេលផ្លាស់ទៅចូលរួម Middlesbrough កាលពីឆ្នាំ២០១៣ ដែលកាលណោះគេមានវ័យ១៤ឆ្នាំ។ បន្ទាប់ពីការកើនឡើងសមត្ថភាព តាមរយៈប្រព័ន្ធយុវជនរបស់ Middlesbrough រួចមក Marcus Tavernier ក៏បានបង្ហាញខ្លួនលេងអោយក្រុមឈុតធំ នៅឆ្នាំ២០១៧ មុនពេលត្រូវខ្ចីជើងទៅកាន់ក្លិបលីគទី២ Milton Keynes Dons ។ ក្រោយមករូបគេបានក្លាយជាកីឡាករសំខាន់នៅ Middlesbrough ដោយបានចូលរួមចំណែកស៊ុតបាន១៨ គ្រាប់ និងចែកបាល់សម្រេចទី១៨ដង ពីការបង្ហាញខ្លួន១៥៥ប្រកួត មុនពេលផ្លាស់ទៅ Bournemouth ក្នុងឆ្នាំ ២០២២។ ។
ការសម្របខ្លួននៅក្របខណ្ឌ Premier League របស់ Marcus Tavernier ពិតជាគួរអោយចាប់អារម្មណ៍ ជាមួយនឹងលទ្ធភាពក្នុងការលេង តួនាទីប្រយុទ្ធ និង បម្រើជាច្រើនដែលធ្វើអោយរូបគេក្លាយជាកីឡាករដ៏សំខាន់សម្រាប់ Bournemouth ។
ការបន្ថែមកីឡាករមានគុណភាពដូចជា Marcus Tavernier អាចជាការផ្លាស់ប្តូរដ៏ឆ្លាតវៃមួយសម្រាប់ Newcastle United ខណៈដែលពួកគេស្វែងរកការពង្រឹងក្រុមសម្រាប់ការប្រកួតក្នុងស្រុក និងពានរង្វាន់អឺរ៉ុបនៅរដូវកាលក្រោយផងដែរ៕