×

West Ham United ចាប់អារម្មណ៍ខ្សែបម្រើ Heorhiy Sudakov របស់ Shakhtar Donetsk

ក្លិប West Ham United អាចនឹងសម្លឹងរកអ្នកជំនួសខ្សែបម្រើ Carlos Soler នៅរដូវក្តៅនេះ ហើយគ្រូបង្វឹកលោក Graham Potter ត្រូវបានដឹងថាបានសម្លឹងមើលឃើញគោលដៅថ្មីរបស់ខ្លួនរួចហើយនោះគឺខ្សែបម្រើ Heorhiy Sudakov របស់ក្លិបអ៊ុយក្រែន Shakhtar Donetsk។

ជាការពិត Carlos Soler កំពុងលេងជាកីឡាករខ្ចីជើងអោយ West Ham United ពី ក្លិបបារាំង Paris Saint-Germain។ មែនទែនទៅ West Ham United ចង់ចុះកិច្ចព្រមព្រៀងនាំយកកីឡាករ អេស្ប៉ាញ វ័យ ២៨ឆ្នាំ ជាអចិន្ត្រៃយ៍រដូវក្តៅខាងមុខ ប៉ុន្តែរបាយការណ៍ចុងក្រោយអោយដឹងថា គ្រូបង្វឹកលោក Graham Potter បែរជាចង់បានកីឡាករថ្មីទៅវិញដែលជាខ្សែបម្រើ Heorhiy Sudakov។

កីឡាករអ៊ុយក្រែន ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និង ចែកបាល់សម្រេចទី៣ដងក្នុង ២៥ ប្រកួតនៅរដូវកាលនេះ សម្រាប់ Shakhtar Donetsk ។ ដូច្នេះហើយទើបមានការយល់យ៉ាងងាយថា ហេតុអ្វីបានជារូបគេអាចទាក់ទាញការចាប់អារម្មណ៍ពី West Ham United ។

ការផ្លាស់ទៅកាន់លីគកំពូលមួយរបស់បាល់ទាត់អឺរ៉ុប នឹងក្លាយជាការបង្កើនគុណភាពរបស់កីឡាករ ហើយវាក៏នឹងកា្លយជាឱកាសដែល Heorhiy Sudakov នឹងចាប់យកផងដែរ។

ទោះយ៉ាងណា Shakhtar Donetsk នឹងមិនបណ្តោយអោយកីឡាករសំខាន់របស់ខ្លួន ចាកចេញក្នុងតម្លៃទាបនោះទេ ដោយកីឡាករវ័យ២២ឆ្នាំ រូបនេះ អាចមានតម្លៃដល់ទៅ ៥៤លានអឺរ៉ូឯណោះ។

បែបនេះក្តី វាត្រូវបានគេជឿថាលោក Graham Potter នឹងផ្លាស់ប្តូរសមាសភាពកីឡាករក្នុងក្រុមបច្ចុប្បន្ននៅរដូវក្តៅខាងមុខ ហើយនឹងផ្តោតលើការនាំយកកីឡាករវ័យក្មេង និងមានសក្កដានុពល ខណៈ Heorhiy Sudakov ជាកីឡាករដែលស្ថិតក្នុងបញ្ជីនៃការនាំចូលកីឡាករថ្មីរបស់ West Ham United៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង