ខ្សែប្រយុទ្ធ Alexander Isak អាចនឹងចាកចេញពី Newcastle United បើក្លិបមិនទទួលបានកៅអីទៅលេងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League សម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ។
ជាការពិត Newcastle United កំពុងរីករាយជាមួយការប្រកួតប្រជែងនៅរដូវកាលនេះ ដោយក្នុងនោះការប្រកួតក្របខណ្ឌ Premier League ២៥សប្តាហ៍កន្លងមក ពួកគេមានលទ្ធផលឈ្នះ ១២ ស្មើ៥ ចាញ់៨ មាន៤១ពិន្ទុ កំពុងឈរលេខ៧ ឃ្លាតពីចំណាត់ថ្នាក់កំពូលទាំង៤ ដែលមានកៅអីទៅលេង ពានរង្វាន់ UEFA Champions League ចំនួន ៣ពិន្ទុ។
កិច្ចព្រមព្រៀងផ្ទាល់មាត់រវាងកីឡាករស៊ុយអែត និងក្លិប Newcastle United បានធ្វើឡើង ដោយកីឡាករចង់បានឱកាសលេងនៅ UEFA Champions League ដែលជាការដាក់សំពាធមួយសម្រាប់ក្លិបរហស្សនាមសារិការព្រៃ។ លក្ខខណ្ឌរបស់កីឡាករវ័យ២៥ឆ្នាំកើតឡើងចំពេលដែលរូបគេត្រូវបានដឹងថាបានទទួលការចាប់អារម្មណ៍ពីក្លិបអេស្ប៉ាញ Barcelona ដែលជាក្លិបតែងតែមានកៅអីលេងពានរង្វាន់អឺរ៉ុប។
សម្រាប់ Barcelona ការចាប់អារម្មណ៍ទៅលើ Isak ដ្បិតក្លិបចង់ស្វែងរកកីឡាករវ័យក្មេង អាចជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Robert Lewandowski ដែលកាន់តែមានវ័យជ្រេទៅហើយ។
Alexander Isak រកបាន ១៩ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៥ ដងក្នុង ២៩ ប្រកួតគ្រប់កម្មវិធីទាំងអស់នៅរដូវកាលនេះ ដែលជាសមត្ថភាពដ៏ខ្ពស់មួយធ្វើអោយ Barcelona សម្លឹងឃើញរូបគេ។ បន្ថែមពីនេះ Alexander Isak ក៏ធ្លាប់មានបទពិសោធលេងនៅក្របខណ្ឌ La Liga ដែរ ដោយបានលេងអោយក្លិប Real Sociedad ពីឆ្នាំ ២០១៩-២០២២។
ទោះយ៉ាងណា ពេលនេះ Alexander Isak ក៏កំពុងផ្តោតអារម្មណ៍ក្នុងការជួយ Newcastle United យ៉ាងអស់ពីសមត្ថភាព។ ប្រសិនបើគ្រូបង្វឹក Newcastle United លោក Eddie Howe អាចដឹកនាំក្លិបត្រលប់ទៅការប្រកួតបាល់ទាត់អឺរ៉ុបសម្រាប់រដូវកាលក្រោយ នោះនឹងធ្វើអោយ Isak អាចបន្តនៅកីឡដ្ឋាន St James’ Park តទៅទៀត៕