×

ខ្សែប្រយុទ្ធ Matheus Cunha ថា ខ្លួនមិនពិចារណាចាកចេញពី Wolverhampton ទេ

ខ្សែប្រយុទ្ធ Matheus Cunha បាននិយាយថា រូបគេមិនបានពិចារណាក្នុងការចាកចេញពីក្លិប Wolverhampton ទេក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។

កីឡាករប្រេស៊ីល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីកីឡដ្ឋាន Molineux ក្នុងខែមករា ដោយក្លិបដូចជា Arsenal, Tottenham Hotspurs និង Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ Matheus Cunha បានបញ្ចប់ពាក្យចចាមអារ៉ាមអំពីការផ្ទេរចេញ ដោយបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំកន្លះនៅដើមខែកុម្ភៈ។

Cunha បាននិយាយថា “Wolves បាន បើកទ្វារ សម្រាប់ខ្ញុំនៅពេលដែលក្លិបបានចុះហត្ថលេខាលើរូបខ្ញុំដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងពី Atletico Madrid ។ ខ្ញុំមិនដែលគិតអំពីការចាកចេញទេនិយាយដោយស្មោះត្រង់។ ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយខ្ញុំតែងតែនិយាយថានេះគឺជាក្លិបដែលផ្តល់ឱកាសអោយខ្ញុំ ហើយខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំចង់ប្រគល់អ្វីគ្រប់យ៉ាងអោយក្លិបវិញ ដូច្នេះការចាកចេញក្នុងស្ថានភាពបែបនេះគឺពិបាកណាស់។ ខ្ញុំសប្បាយចិត្តដែលបាននៅទីនេះ។ ខ្ញុំសង្ឃឹមថានឹងបន្តធ្វើរឿងល្អៗ។”

Matheus Cunha គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ Wolverhampton នៅរដូវកាលនេះ ដោយរកបាន ១៣ គ្រាប់ក្នុង ២៥ ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលនេះ។ តួយ៉ាង កីឡាករវ័យ២៥ឆ្នាំ ទើបតែរកបានគ្រាប់បាល់ជួយអោយ Wolverhampton ឈ្នះ Bournemouth ១-០ ក្នុងការប្រកួត Premier League ចុងសប្តាហ៍កន្លងទៅ។ ទោះយ៉ាងណា Wolverhampton មិនទាន់មានសុវត្ថិភាពទាំងស្រុងនោះទេ ដោយពួកគេកំពុងឈរលេខ ១៧ មាន ២២ពិន្ទុ ពីលើតំបន់កាត់ចោលតែ៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង