គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោកមានការខឹងសម្បារចំពោះការលេងរបស់កូនក្រុម ក្រោយពីប្រកួតចាញ់ក្រុម West Ham United កាលពីចុងសប្តាហ៍កន្លងទៅ។
ជាការពិត ក្រុម Arsenal បានរងបរាជ័យក្រោមថ្វីជើងក្រុម West Ham United ១-០ នៅក្នុងជំនួបក្របខណ្ឌ Premier League ដែលធ្វើឡើងនាទឹកដីខ្លួនឯង កីឡដ្ឋាន Emirates Stadium។ ការប្រកួតនោះ ក្រុមម្ចាស់ផ្ទះ Arsenal គ្របសង្កត់ទៅលើគូប្រជែងរបស់ខ្លួនយ៉ាងខ្លាំងដែរ ដោយអាចគ្រប់គ្រងបាល់ដល់ទៅ ៦៨ ភាគរយ ឱកាសស៊ុត ដល់ទៅ ២០ដង ខណៈក្រុមភ្ញៀវ West Ham មានឱកាសស៊ុតបាល់ត្រឹមតែ៥ដង។ យ៉ាងណា ក្រុម West Ham United បែរជាមានសំណាងរកបានគ្រាប់បាល់នាំមុខមុន នៅចុងវគ្គទី១ ដោយការតែតបញ្ចូលទីរបស់ Jarrod Bowen។
ចូលមកដល់វគ្គទី២ Arsenal នៅតែបន្តគាបសង្កត់ និង ព្យាយាមវាយសម្រុកស្វែងរកគ្រាប់បាល់មកវិញតែក្រៅពីមិនបានជោគជ័យហើយ ពួកគេនៅត្រូវសល់គ្នាតែ១០នាក់លើទីលានទៀត ក្រោយពីកីឡាករ Myles Lewis-Skelly ត្រូវពិន័យកាតក្រហមនៅនាទី៧៣។ លទ្ធផល Arsenal ០ West Ham United ១ ក៏បន្តដល់ចប់ការប្រកួត។
បរាជ័យលើទឹកដីខ្លួនឯង ទាំងដែលមានប្រៀបក្នុងការប្រកួតបានធ្វើអោយ គ្រូបង្វឹក Arsenal លោក Mikel Arteta មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះកូនក្រុម ហើយវាធ្វើអោយក្តីសង្ឃឹមក្នុងការប្រជែងជើងឯកពានរង្វាន់ Premier League កាន់តែឃ្លាតឆ្ងាយ។
ទាក់ទិននឹងរឿងនេះ លោក Mikel Arteta បានអោយដឹងថា “ខ្ញុំពិតជាខឹង និងទើសចិត្តខ្លាំងណាស់ចំពោះអ្វីដែលមាននៅក្នុងដៃរបស់យើងដែលវាជាការអនុវត្តនិងលទ្ធផល។ យើង គ្មានកន្លែងណាដែលនៅជិតកម្រិតដើម្បីមានឱកាសឈ្នះ Premier League សោះ។ ខ្ញុំទទួលខុសត្រូវចំពោះរឿងនេះ ដូច្នេះខ្ញុំខឹងខ្លាំងណាស់។ យើងខ្វះប្រសិទ្ធភាព ហើយការប្រកួតនេះយើងមិនល្អគ្រប់គ្រាន់ទេ។ វាជាការវាយប្រហារដ៏ធំមួយសម្រាប់យើង។”
Arsenal នៅលេខ២ក្នុងតារាងពិន្ទុ ដដែលដោយមាន៥៣ពិន្ទុ តែបង្កើនគម្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ដល់ទៅ១១ពិន្ទុ។ រីឯ West Ham នៅលេខ១៦ មាន ៣០ពិន្ទុ៕