
ខ្សែបម្រើ James McAtee របស់ក្លិប Man City គឺជាគោលដៅចម្បងរបស់ក្លិបអាល្លឺម៉ង់ Bayer Leverkusen នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
កាលពីខែធ្នូ ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់បានតាមប្រមាញ់កីឡាករអង់គ្លេសវ័យ២២ឆ្នាំ ហើយ បានបើកការចរចាជាផ្លូវការក្នុងខែមករា ប៉ុន្តែត្រូវបានបដិសេធដោយ Man City ។
យ៉ាងណា Bayer Leverkusen មិនបានបោះបង់ការចង់បាន James McAtee នោះទេ ដោយនឹងត្រៀមការចរចាសាជាថ្មី ព្រមជាមួយលក្ខខណ្ឌល្អៗជាងមុន។
ក្នុងនោះដែរ Bayer Leverkusen ដឹងថា Man City បានចាប់អារម្មណ៍ ខ្សែបម្រើ Florian Wirtz របស់ពួកគេ ដូច្នេះការផ្ទេរដ៏គួរអោយចាប់អារម្មណ៍មួយអាចនឹងកើតឡើងដោយ Bayer Leverkusen នឹងយល់ព្រមលក់ Florian Wirtz ទៅកាន់ Man City ដើម្បីទទួលបានកីឡាករ James McAtee ត្រឡប់មកវិញ។
James McAtee ដែលនៅសល់កុងត្រាមួយឆ្នាំទៀតនៅកីឡដ្ឋាន Etihad បានបង្ហាញយ៉ាងច្បាស់ថា រូបគេចង់បាននាទីលេងទៀងទាត់ក្នុងក្រុមដំបូង ខណៈការលេងជាមួយ Man City រូបគេ មិនមានឱកាសច្រើននោះទេ ហើយការប្រកួតប្រជែងក្នុងតំណែងខ្សែបម្រើគឺមានភាពតានតឹងខ្លាំង។ ការផ្លាស់ចេញពី Man City ទៅកាន់ Bayer Leverkusen នឹងក្លាយជាជំហានថ្មីមួយសម្រាប់អាជីពរបស់ James McAtee។
ដោយឡែក Man City អាចនឹងបាត់បង់ Jack Grealish និង Kevin De Bruyne នៅរដូវក្តៅនេះ ហើយកីឡាករ Florian Wirtz របស់ Bayer Leverkusen បានក្លាយជាគោលដៅដែលពួកគេចង់បានមកបំពេញកន្លែងខ្វះខាត។ Man City មើលឃើញថា Florian Wirtz ជាកីឡាករដែលអាចសមនឹងទម្រង់លេងរបស់ពួកគេ ដូចនេះហើយ Bayer Leverkusen ត្រូវបានជឿថា នឹងប្រើឱកាសនេះពិចារណាស្នើសុំ McAtee ជាផ្នែកនៃកិច្ចពិភាក្សាណាមួយជាមិនខាន៕