ប្រភពពីសារព័ត៌មាន Daily Mail អោយដឹងថា ក្លិប Tottenham Hotspur បានបើកការពិភាក្សាជាមួយខ្សែបម្រើ Rodrigo Bentancur ជុំវិញការបន្តកិច្ចសន្យាថ្មី។
កីឡាករអន្តរជាតិអ៊ុយរូហ្គាយ ជាតួអង្គសំខាន់ក្នុងក្រុមរបស់គ្រូបង្វឹកលោក Ange Postecoglou ដែលបានបង្ហាញខ្លួនចំនួន ២៨ប្រកួត នៅរដូវកាលនេះ ទោះបីជាត្រូវបានព្យួរការប្រកួតក្នុងស្រុកចំនួន ៨ប្រកួត កាលពីឆ្នាំមុនសម្រាប់ការលើកឡើងដែលមានលក្ខណៈរើសអើងជាតិសាសន៍ទៅលើមិត្តរួមក្រុមខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-Min Son ក្នុងបទសម្ភាសន៍មួយនៅក្នុងប្រទេសកំណើតរបស់គេក៏ដោយ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Rodrigo Bentancur នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលក្រោយឯណោះ ប៉ុន្តែ Tottenham Hotspur បានបើកចំហរក្នុងការបន្តលក្ខខណ្ឌកិច្ចសន្យាថ្មីដល់អតីតសមាជិក Juventus រូបនេះ។
ជាក់ស្តែង ការពិភាក្សាបឋមលើកិច្ចព្រមព្រៀងថ្មីមួយកំពុងដំណើរការក្នុងគោលបំណងធានាអនាគតរយៈពេលវែងរបស់កីឡាករវ័យ ២៧ ឆ្នាំនៅកីឡដ្ឋាន Tottenham Hotspur Stadium ។
ការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលដំបូងបំផុត ដោយមិនមានកិច្ចព្រមព្រៀងសម្រេចនៅឡើយទេ តែកិច្ចពិភាក្សាសំខាន់នានា ត្រូវបានគ្រោងទុកនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
យ៉ាងណា ឆន្ទៈសំខាន់របស់ Tottenham Hotspur គឺចង់បន្តកិច្ចសន្យាបច្ចុប្បន្នរបស់ Rodrigo Bentancur ដោយផ្តល់តួនាទីអោយរូបគេជាកីឡាករក្រុមដំបូងដ៏សំខាន់។
អាជីពរបស់ Rodrigo Bentancur ជាមួយក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍បានជួបបញ្ហាខ្លះៗដោយសាររបួស គឺរូបគេបានរងរបួសសរសៃពួរ ACL កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ មុនពេលមានបញ្ហាសរសៃពួរកជើងនៅឆ្នាំដដែល។
ទោះជាយ៉ាងណាក៏ដោយ លោក Postecoglou នៅតែចាត់ទុក Rodrigo Bentancur ជាសមាជិកដ៏សំខាន់ក្នុងក្រុម ហើយនឹងចាប់អារម្មណ៍ចំពោះអនាគតដ៏យូរអង្វែងរបស់គេដែលនឹងត្រូវបានចងភ្ជាប់ជាមួយក្រុម៕