
ខ្សែការពារ Trevoh Chalobah ទំនងអវត្តមានការប្រកួតរបស់ Chelsea ទល់ Southampton នៅក្នុងជំនួបក្របខណ្ឌ Premier League ពាក់កណ្តាលសប្តាហ៍នេះ ក្រោយជួបបញ្ហារបួស។ នេះបើតាមការប្រកាសរបស់គ្រូបង្វឹកលោក Enzo Maresca ។
កីឡាករវ័យ២៥ឆ្នាំ បានរងរបួសក្នុងការប្រកួតដែល Chelsea ចាញ់ Aston Villa ដោយលទ្ធផល ២-១ នៅក្នុងជំនួបក្របខណ្ឌ Premier League នៅកីឡដ្ឋាន Villa Park កាលពីពេលកន្លងទៅ។ របួសរបស់ Trevoh Chalobah មិនមែនជារបួសធំដុំខ្លាំងទេ ប៉ុន្តែវាអាចធ្វើអោយគេត្រូវស្ថិតនៅក្រៅទីលានយ៉ាងហោចណាស់ ពី ៧ ទៅ ១០ ថ្ងៃដែរ។
ឈ្មោះរបស់ Trevoh Chalobah បានស្ថិតក្នុងបញ្ជីរបួសដ៏វែងរបស់ Chelsea ដែលរួមមាន Nicolas Jackson, Noni Madueke, Romeo Lavia និង Wesley Fofana ផងដែរ។
ជុំវិញបញ្ហារបួសរបស់ Trevoh Chalobah លោក Enzo Maresca បានអោយដឹងថា “ Trevoh Chalobah បានធ្វើការត្រួតពិនិត្យរួចហើយ ហើយគេត្រូវអវត្តមានច្រើនថ្ងៃ។ រឿងល្អនោះគឺរបួសរបស់គេ មិនមែនជារបួសត្រង់កន្លែងសំខាន់ ប៉ុន្តែរឿងអាក្រក់នោះ គឺយើងត្រូវបាត់បង់កីឡាករបន្ថែមទៀត ក្នុងកាលៈទេសៈដែលក្លិបកំពុងមានបញ្ហាកីឡាកររបួសច្រើននាក់ នាំអោយប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម។”
ចាញ់ Aston Villa នោះ គឺជាការបរាជ័យទី២ជាប់ៗគ្នារបស់ Chelsea ខណៈ៥ប្រកួតចុងក្រោយរបស់ក្រុមតោខៀវនៅក្របខណ្ឌ Premier League ពួកគេចាញ់ដល់ទៅ៣ដង ឈ្នះតែ២ដង។ Chelsea បច្ចុប្បន្នកំពុងស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន៤៣ពិន្ទុ ឃ្លាតពីចំណាត់ថ្នាក់ កំពូលទាំង៤ ដែលកាន់កាប់ដោយ Man City តែ១ពិន្ទុ។ យ៉ាងណា Chelsea នៅតែមានសុទិដ្ឋិនិយមថា ពួកគេនឹងព្យាយាមប្រឹងប្រែង ហើយអាចបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ដែលមានកៅអីទៅកាន់ពានរង្វាន់ UEFA Champions League ។
ការប្រកួតទល់ Southampton នឹងក្លាយជាការសាកល្បងមួយទៀតរបស់ Chelsea ស្របពេលដែលក្រុមកំពុងមានបញ្ហាកីឡាកររបួសច្រើន រីឯ Southampton កំពុងមានភាពដុនដាបដោយស្ថិតនៅ បាតតារាងតែម្តង៕