ក្លិប Man UTD នឹងកាត់បន្ថយចំនួនបុគ្គលិកក្លិបចន្លោះពី ១៥០ ទៅ ២០០ នាក់បន្ថែមទៀត ដែលជាផ្នែកមួយនៃការស្វែងរកបា្រក់ចំណេញរបស់ក្លិបមកវិញ ក្រោយខាតបង់រយៈពេល៥ឆ្នាំមកហើយ។ នេះបើតាមការប្រកាសរបស់ក្លិបនៅ Premier League កាលពីថ្ងៃចន្ទ។
នេះជាគម្រោងកាត់បន្ថយបុគ្គលិកសាជាថ្មីរបស់ក្លិប Man UTD បន្ទាប់ពីបានធ្វើការកាត់បន្ថយបុគ្គលិក ចំនួន២៥០នាក់កាលពីឆ្នាំមុន។ ក្លិបបិសាចក្រហមកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងកាត់បន្ថយការចំណាយចាប់តាំងពីមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានកាន់កាប់ភាគហ៊ុន ២៥ភាគរយ កាលពីឆ្នាំមុន ហើយបានគ្រប់គ្រងប្រតិបត្តិការបាល់ទាត់ដើម្បីព្យាយាមស្តារការប្រកួតប្រជែងនៅលើទីលាន។
កាលពីខែកញ្ញា ក្លិបម្ចាស់ជើងឯកអង់គ្លេស ២០ សម័យបានរាយការណ៍ពីការបាត់បង់ចំណូលប្រចាំឆ្នាំជាលើកទី៥ជាប់ៗគ្នា ខណៈក្លិបខកខានការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League ដែលរកកម្រៃបានច្រើន។
ផែនការរៀបចំរចនាសម្ព័ន្ធក្លិបឡើងវិញនេះ ក៏រួមមានការបញ្ចប់ការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃសម្រាប់បុគ្គលិកនៅក្នុងកីឡដ្ឋាន Old Trafford ដែលអាចសន្សំថវិកាជាង ១ លានផោន ក្នុងមួយឆ្នាំ ។ បន្ថែមពីនេះ ប្រាក់រង្វាន់លើកទឹកចិត្តនឹងត្រូវកាត់បន្ថយ ដោយផ្អែកលើចំណូលដែលក្លិបបានទទួល។ ក្លិបក៏នឹងបញ្ឈប់ការបរិច្ចាគសប្បុរសធម៌មួយចំនួនទៀត។
កាលពីសប្តាហ៍មុន ក្លិប Man UTD បានទទួលយកបញ្ហាប្រឈមដែលកើតឡើង បន្ទាប់ពីពួកគេបានរាយការណ៍ពីការខាតបង់ចំណូល ចំនួន ៦,២ លានផោន នៅក្នុងត្រីមាសទីពីរ។
ភាគហ៊ុនក្លិបដែលបានបាត់បង់ប្រហែល ១៦ភាគរយ មកទល់ពេលនេះ បានកើនឡើងវិញខ្លះ 0,៥ ភាគរយ។ ការទិញភាគហ៊ុនរបស់លោក Ratcliffe ក្នុងទឹកប្រាក់ ១,២៥ពាន់លានដុល្លារកាលពីឆ្នាំមុន បានធ្វើអោយអ្នកគាំទ្រមានភាពរំភើប ដោយសង្ឃឹមថានឹងអាចជួយស្រោចស្រង់ស្ថានការណ៍របស់ក្លិបអោយល្អឆាប់ៗ តែភាពរីករាយនោះបានរលាយបាត់ទៅវិញ ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីការទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់នៅលើទីលាន៕