
ខ្សែការពារ Sepp van den Berg របស់ក្លិប Brentford បានបង្ហើបថា វាជាក្តីស្រមៃរបស់គេក្នុងការត្រលប់ទៅកាន់ក្លិប Liverpool ម្តងទៀត។
កីឡាករហូឡង់ វ័យ២៣ឆ្នាំ បានចូលរួមជាមួយ Brentford ក្នុងតម្លៃ២៥លានផោនក្នុងរដូវក្តៅ បន្ទាប់បញ្ចប់ភារកិច្ចលេងអោយ Liverpool ក្នុងការប្រកួត Pre-Season ខណៈរដូវកាលមុនរូបគេលេងនៅ Mainz ក្នុងលក្ខខណ្ឌខ្ចីជើង ។
Sepp van den Berg បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជង្គង់ ប៉ុន្តែ រដូវកាល ២០២៤-២៥ នេះ រូបគេបានបង្ហាញខ្លួនអោយក្រុមរបស់លោកគ្រូបង្វឹក Thomas Frank ចំនួន២៤លើកមកហើយ មុនជួបបញ្ហារបួសនោះ ។
ទោះបីជាយ៉ាងណាមិញក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ Vanden Berg បានបង្ហើបថារូបគេពិតជាមានការខកចិត្តដែលសម្រេចចិត្តចាកចេញពីក្រុម Liverpool ដែលកំពុងដណ្តើមពានរង្វាន់ Premier League នៅរដូវកាលនេះ ។
Van den Berg បាននិយាយថា “ខ្ញុំនិយាយជាមួយនឹងលោក Arne Slot ប៉ុន្តែមុនកិច្ចប្រជុំខ្ញុំបានសម្រេចចិត្តរួចហើយថា ខ្ញុំចង់ចាកចេញ បើសិនមិនបានចូលលេងនោះទេ។ ដែលនេះជាអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន ហើយជួយឲ្យខ្ញុំអាចអភិវឌ្ឃន៍ខ្លួនឯងបាន ។ ខ្ញុំក្បត់ខ្លួនឯង បើសិនខ្ញុំនិយាយខ្ញុំការវិលត្រលប់ទៅកាន់ Liverpool មិនមែនជាក្តីស្រមៃរបស់ខ្ញុំទេនោះ ។ ប៉ុន្តែឥឡូវនេះខ្ញុំគិតថា វាល្អសម្រាប់ក្នុងការទទួលបានឪកាសបង្ហាញខ្លួនអោយបានច្រើន។”
Sepp van den Berg ធ្លាប់រួមរស់ជាមួយ Liverpool ចាប់ពីឆ្នាំ ២០១៩-២០២៤ ប៉ុន្តែរូបគេមិនដែលបង្ហាញខ្លួនសូម្បីតែមួយដង នៅក្នុងការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុមហង្សក្រហម ហើយភាគច្រើនរូបគេត្រូវបានបញ្ចេញអោយក្លិបអឺរ៉ុបដទៃខ្ចីជើង មុនទៅចូលរួមជាមួយ Brentford ជាអចិន្ត្រៃយ៍៕