×

គ្រូ Man UTD ថា ខ្លួនពេញចិត្តការលេងរបស់ក្រុមក្រោយវាយបកឈ្នះ Ipswich Town

ក្រុម Man UTD បានវាយបកយកឈ្នះក្រុម Ipswich Town ដោយលទ្ធផល ៣-២ នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ បើទោះជាសល់គ្នាតែ១០នាក់ក្តី។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Old Trafford ក្រុមភ្ញៀវ Ipswich Town បានរកគ្រាប់បាល់នាំមុខ ដោយការធ្វើបានពី Jaden Philogene នៅក្នុងនាទី៤ តែនាទី២២ក្រុមម្ចាស់ផ្ទះ Man UTD បានតាមស្មើវិញដោយកីឡាករ Sam Morsy ភ្លាត់អោយបាល់ចូលទីខ្លួនឯង។ នាទី២៦ Man UTD បាននាំមុខវិញម្តងដោយ គ្រាប់បាល់របស់ Matthijs de Ligt។ យ៉ាងណា នាទី ៤៣ ក្រុមបិសាចក្រហមត្រូវសល់គ្នាតែ១០នាក់ ក្រោយកីឡាករ Patrick Dorgu ត្រូវពិន័យកាតក្រហម។ ហៀបនឹងចប់វគ្គទី១ លទ្ធផលស្មើគ្នាបានកើតឡើងក្រោយពីកីឡាករ Jaden Philogene បានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី២ បានសម្រេចអោយ Ipswich Town។

ការប្រកួតឈានដល់វគ្គទី២ Man UTD បានចាប់ផ្តើមប្រឹងប្រែងវាយសម្រុកសាជាថ្មី បើទោះជាមានការចាញ់ប្រៀបចំនួនកីឡាករក្តី ហើយនាទី៤៧ Harry Maguire ក៏បានរកគ្រាប់បាល់បញ្ចូលទី ជួយអោយ ម្ចាស់ផ្ទះនាំមុខម្តងទៀត។ កីឡាករក្រុមទាំងសងខាងនៅតែដាក់សម្ពាធគ្នាទៅវិញទៅមក ដើម្បីស្វែងរកគ្រាប់បាល់ជាបន្ត ប៉ុន្តែមិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីទៀតទេ ទើបលទ្ធផល Man UTD ៣ Ipswich Town ២ បានរក្សាដល់ចប់ការប្រកួត។

ជាមួយនឹងជ័យជំនះនេះ បានធ្វើអោយ គ្រូបង្វឹក Man UTD លោក Ruben Amorim មានការពេញចិត្តចំពោះការមិនបោះបង់ការតស៊ូរបស់កីឡាករខ្លួន ទោះជាពួកគេនៅសល់គ្នាតែ១០នាក់នៅលើទីលាន។
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ថ្ងៃនេះខ្ញុំមិនខកចិត្តទេ។ ជាមួយនឹងស្ថានភាពនៃការប្រកួត ប្រាកដណាស់ យើងមានការខកចិត្តបន្តិច ដោយសារយើងកំពុងគ្រប់គ្រងការប្រកួតនេះ ប៉ុន្តែយើងទទួលរងកំហុសមួយ ដែលអាចកើតឡើង។ យ៉ាងណា កីឡាករមិនអីទេ។ ពួកគេព្យាយាមលេង និងរកបានជ័យជំនះ។ ខ្ញុំគិតថាយើងសមនឹងទទួលបាន៣ពិន្ទុពេញថ្ងៃនេះ។”

ឆ្លងកាត់ ២៧ប្រកួត Man UTD ឈ្នះ ៩ ស្មើ៦ ចាញ់១២ មាន ៣៣ពិន្ទុ ឈរលេខ១៤ ។ រីឯ Ipswich Town នៅលេខ ១៨ តំបន់កាត់ចោលមាន ១៧ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង