×

គ្រូ Arsenal ថា នឹងមិនផ្លាស់ប្តូរគំនិតវិជ្ជមានទេ ទោះស្មើ Nottingham Forest

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា ក្រុមរបស់លោកនឹងមិនផ្លាស់ប្តូរគំនិតវិជ្ជមានក្នុងការប្រជែងជើងឯក Premier League ទេ ទោះជាក្រុមរបស់លោក បានត្រឹមលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួតទល់នឹង Nottingham Forest កាលពីយប់មិញក្តី។

ជំនួបនាកីឡដ្ឋាន City Ground ក្រុម Arsenal ត្រូវបានដឹងថា ចូលប្រកួតក្នុងទីលានទាំងពិបាក ដោយសារពួកគេមានបញ្ហាកីឡាកររបួសច្រើន ជាពិសេសរបួសលើខ្សែប្រយុទ្ធ។ ជាក់ស្តែង ខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវ Arsenal នេះរបួសទាំងអស់ហើយគឺមាន Gabriel Jesus, Kai Havertz, Bukayo Saka និង Gabriel Martinelli ជាដើម ខណៈខ្សែប្រយុទ្ធដែលប្រើមាន Mikel Merino និង Leandro Trossard ជាដើម។

Arsenal មានការការពារច្រើននិងអាចរក្សាសំណាញ់ទីមិនអោយក្រុមម្ចាស់ផ្ទះ Nottingham Forest ស៊ុតបានសម្រេច ប៉ុន្តែពួកគេក៏មិនអាចមានឱកាសវាយលុកស្វែងរកគ្រាប់បាល់ពីសំណាញ់ទីរបស់ក្រុមគូប្រជែងបាននោះដែរ ដែលធ្វើអោយការប្រកួតមួយនេះគ្មានគ្រាប់បាល់កើតឡើងទេ។

ទោះជាក្រុមកំពុងមានបញ្ហា ហើយក្តីរំពឹងក្នុងការប្រជែងជើងឯក Premier League កាន់តែថមថយមួយជំហានទៀត ប៉ុន្តែ គ្រូបង្វឹក Arsenal លោក Mikel Arteta នៅតែអះអាងពីការរក្សាភាពវិជ្ជមានរបស់ក្រុម និងថា លោកមិនបោះបង់ក្តីសង្ឃឹមនោះទេ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងក្រោយចប់ការប្រកួតថា “ ខ្ញុំពិតជាខកចិត្តដែលមិនបានឈ្នះ តែនេះជាអ្វីដែលយើងអាចធ្វើបានក្នុងពេលដែលយើងមានស្ថានការណ៍អាក្រក់។ យើងបានរបូត២ពិន្ទុ ដែលជារឿងឈឺចាប់ណាស់ ប៉ុន្តែបញ្ហាទាំងអស់នេះ នឹងមិនកែប្រែអ្វីដែលយើងបានសង្ឃឹមទុក ក្នុងការព្យាយាមប្រជែងជើងឯកនៅរដូវកាលនេះទេ។”

Arsenal នៅតែឈរលេខ២ដដែល មាន ៥៤ពិន្ទុ បង្កើនគម្លាតពីក្រុមកំពូលតារាង Liverpool ១៣ពិន្ទុ តែ Arsenal លេងយឺតជាង១ប្រកួត។ រីឯ Nottingham Forest នៅលេខ៣ មាន ៤៨ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង