×

Man UTD អាចជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរបើបញ្ចប់តំណែងលោក Ruben Amorim

វាមិនមែនជាការចាប់ផ្តើមដ៏ល្អបំផុតសម្រាប់អាជីពរបស់គ្រូបង្វឹកលោក Ruben Amorim នៅ Man UTD នោះទេ ប៉ុន្តែបើក្លិបបិសាចក្រហមអស់ភាពអត់ធ្មត់ហើយបញ្ចប់តំណែងរបស់លោក នោះក្លិបអាចនឹងប្រឈមបញ្ហាផ្នែកហិរញ្ញវត្ថុដ៏ធំ។

ជាការពិត Man UTD កំពុងមានស្ថិតិដ៏អាក្រក់បំផុតក្នុងការប្រកួតក្របខណ្ឌ Premier League របស់ពួកគេ ចាប់តាំងពីបុរសជនជាតិព័រទុយហ្គាល់បានចូលកាន់តំណែង។ ប៉ុន្តែ បើក្លិបនៅលីគកំពូលអង់គ្លេសមួយនេះសម្រេចបណ្តេញលោក Ruben Amorim នោះវាអាចនឹងធ្វើអោយពួកគេចំណាយប្រាក់ ជាច្រើនក្នុងការដោះស្រាយលើកិច្ចព្រមព្រៀង។

ការព្យាយាមអោយកីឡាករក្នុងក្រុមសម្របខ្លួនតាមទម្រង់លេងថ្មី បានក្លាយជាការងារពិបាកមួយដែលលោក Ruben Amorim កំពុងបន្តដំណើរការ ខណៈការចំណាយពេលវេលាយូរក្នុងការដោះស្រាយបញ្ហា មិនមែនជាអ្វីដែលក្រុមប្រឹក្សាភិបាលរបស់ Man UTD ចង់បាននោះទេ ប៉ុន្តែការបណ្តេញលោក Ruben Amorim ចេញក៏នឹងក្លាយជាបញ្ហារបស់ក្លិបដែរ ចំពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបមិនសូវល្អ។

សារពត៌មាន The Sun បានអោយដឹងថា លោក Ruben Amorim មានកិច្ចសន្យារឹងមាំ ដែលនឹងឃើញក្លិប Man UTD ត្រូវបង់ថ្លៃសំណងផ្លូវច្បាប់ដល់ទៅ១២លានផោនព្រមទាំងក្រុមបុគ្គលិកប្រហែល៨ លានផោន បើក្លិបបណ្តេញលោក Amorim ចេញពីតំណែង។

កន្លងទៅរបាយការណ៍ពីការខាតបង់របស់ក្លិប Man UTD បានធ្វើអោយពួកគេចាត់វិធានការនានាដូចជាការកាត់បន្ថយបុគ្គលិក ដើម្បីស្រោចស្រង់ហិរញ្ញវត្ថុឡើងវិញ។ មួយវិញទៀត បន្ទាប់ពីបាត់បង់ប្រាក់ជាច្រើនលានផោនទៅលើការតែងតាំង ហើយបណ្តេញនាយកកីឡាលោក Dan Ashworth និងការផ្តាច់កុងត្រារបស់អតីតគ្រូបង្វឹកលោក Erik ten Hag នោះ ក្លិបបិសាចក្រហមនឹងត្រូវចំណាយច្រើនម្តងទៀត បើពួកគេធ្វើដូចនោះដាក់គ្រូបង្វឹកបច្ចុប្បន្នលោក Ruben Amorim។

អ្នកវិភាគបាល់ទាត់មួយចំនួននៅអង់គ្លេសទទូចថា Man UTD គួរតែរក្សាជំនឿលើ លោក Ruben Amorim។ យ៉ាងហោចណាស់ការផ្តល់ឱកាសក្នុងការនាំយកកីឡាករផ្ទាល់ខ្លួនរបស់លោក ដើម្បីមើលពីរបៀបដែលពួកគេអនុវត្ត គួរតែជាជម្រើសអប្បបរមាដែល Man UTD គួរផ្តល់អោយលោក Amorim ដើម្បីធ្វើការងាររបស់គាត់។

ចាប់តាំងពីពេលលោក Alex Ferguson ចាកចេញ មិនមានគ្រូបង្វឹកផ្សេងដែលបានជួយ Man UTD ទទួលជោគជ័យយ៉ាងត្រចះត្រចង់ទៀតទេ។ ប៉ុន្តែ អ្នកគាំទ្រក៏រំពឹងអោយក្លិបផ្តល់ឱកាសដល់គ្រូបង្វឹកណាមួយដូចពេលដែល ពួកគេធ្វើដាក់លោក Alex Ferguson ដែលបានចាប់ផ្តើមធ្វើការងាររបស់លោក ហើយជួយ Man UTD ទទួលជោគជ័យនៅទីបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង