×

គ្រូ Leicester City បង្កើនការព្រួយបារម្ភក្រោយចាញ់ West Ham United

ក្រុម Leicester City បានជួបការបរាជ័យសាជាថ្មីនៅក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានចាញ់ ក្រុម West Ham United កាលពីយប់មិញ។

ការប្រកួតនាកីឡដ្ឋាន London Stadium ក្រុមម្ចាស់ផ្ទះ West Ham United ជាអ្នកមានប្រៀបទៅលើក្រុមភ្ញៀវ Leicester City ទៅលើការគ្រប់គ្រងបាល់ ដោយពួកគេធ្វើបាន ៥៧ភាគរយ ប៉ុន្តែឱកាសនៃការស៊ុតបាល់វិញ ពួកគេធ្វើបាន ៨ ដង តែ Leicester City មានឱកាសស៊ុត ១០ដង។

យ៉ាងណាក៏ដោយ West Ham United នៅតែអាចរកបានគ្រាប់បាល់នាំមុខមុនដោយ Tomáš Souček នៅនាទី ២១ មុនពេល Jannik Vestergaard បានភ្លាត់អោយបាល់ចូលទីខ្លួនឯង នៅនាទី៤៣ បង្កើនការនាំមុខអោយ West Ham United លើ Leicester City ២-០ មុនចប់វគ្គទី១។

នៅក្នុងវគ្គទី២វិញ មិនមានគ្រាប់បាល់កើតឡើងទៀតទេ ទើបលទ្ធផលខាងដើមបានរក្សាដល់ចប់ការប្រកួតតែម្តង។

នេះជាបរាជ័យទី៤ជាប់ៗគ្នា ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Leicester City ដែលជាលទ្ធផលអាក្រក់មួយរបស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ruud Van Nistelrooy។ ស្ថានការណ៍បែបនេះបានបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់គ្រូបង្វឹក វ័យ៤៨ឆ្នាំ ដោយខ្លាចថា ពួកគេនឹងពិបាករក្សាកៅអីនៅក្នុងការប្រកួតលីគកំពូលអង់គ្លេស។

លោក Ruud Van Nistelrooy បានអោយដឹងថា “ វាមិនល្អទេសម្រាប់ពួកយើង។ យើងដឹងថា ពេលនេះយើងកំពុងស្ថិតនៅក្នុងស្ថានភាពដូចម្តេង។ យ៉ាងណា បាល់ទាត់វាមិនទៀងទាត់ទេ វាអាចផ្លាស់ប្តូរគ្រប់ពេល។ អ្វីដែលយើងត្រូវធ្វើគឺព្យាយាមបង្កើនទម្រង់លេងរបស់ក្រុម និងព្យាយាមស្វែងរកជ័យជំនះមកវិញ។”

ឆ្លងកាត់ ២៧ ប្រកួត ក្រុម Leicester City ឈ្នះតែ៤ ស្មើ៥ ចាញ់១៨ដង មាន១៧ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១៩តំបន់កាត់ចោល ឃ្លាតពីតំបន់សុវត្ថិភាព៥ពិន្ទុ។ រីឯ West Ham United នៅលេខ១៥ មាន ៣៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង