×

គ្រូ Man City សង្ឃឹមថា Rodri អាចវិលមកជួយក្រុមវិញមុនចប់រដូវកាលនេះ

គ្រូបង្វឹក លោក Pep Guardiola បានដាក់ក្តីសង្ឃឹមថា ខ្សែបម្រើ Rodri និងជាម្ចាស់ពាន Ballon d’Or ឆ្នាំ ២០២៤ អាចវិលត្រឡប់ចូលជួយក្រុម Man City វិញ នៅមុនពេលបញ្ចប់រដូវកាល ២០២៤-២៥ នេះ។

កីឡាករសញ្ជាតិអេស្ប៉ាញ ខកខានចូលលេងអោយក្រុម Man City ចាប់តាំងពីខែសីហា មកម្ល៉េះ បន្ទាប់ពីរូបគេបានឆ្លងកាត់ការវះកាត់បញ្ហារបួសដាច់សរសៃពួរជង្គង់ ACL។ របួសនេះធ្វើអោយ Rodri នឹងត្រូវខកខានការប្រកួតដល់ចប់រដូវកាល។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ កីឡាករវ័យ២៨ឆ្នាំ ត្រូវបានមើលឃើញថា បានមវិលត្រឡប់ចូលទីលានហ្វឹកហាត់ឡើងវិញ។

កន្លងមក លោក Pep Guardiola ធ្លាប់បាននិយាយថា លោកមិនបានរំពឹងឡើយ ថាវត្តមានរបស់ Rodri នឹងអាចវិលត្រឡប់ចូលជួយក្រុមរដូវកាលនេះ។ ប៉ុន្តែពេលនេះ រូបលោកបាន ប្តូរក្តីរំពឹង ដោយគិតថា កីឡាករវ័យ២៨ឆ្នាំ នឹងអាចវិលចូលជួយក្រុមវិញ ស្របពេលក្រុមមេឃខៀវកំពុងមានបញ្ហាទម្រង់លេង។

ក្រុម Man City នឹងមានការប្រកួតបន្ទាប់ ដោយត្រូវតទល់នឹងក្រុម Nottingham Forest នៅក្នុងការប្រកួតពានរង្វាន់ Premier League វិញម្តងដោយធ្វើឡើងនាចុងសប្តាហ៍នេះ នាកីឡដ្ឋាន City Ground៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង