
ក្លិប Fulham បានធ្វើការថ្កោលទោសការរើសអើងជាតិសាសន៍ និងការរំលោភបំពានតាមបណ្តាញអ៊ីនធឺណេត ដែលសំដៅទៅលើខ្សែការពារ Calvin Bassey បន្ទាប់ពីពួកគេបានឈ្នះការប្រកួតទៅលើ ក្រុម Man UTD នៅក្នុងពានរង្វាន់ FA Cup ជុំទី៥។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា Calvin Bassey ដែលបានស៊ុតគ្រាប់បាល់បញ្ចូលទីគ្រាប់បើកឆាកនៅកីឡដ្ឋាន Old Trafford ដើម្បីផ្តល់ការនាំមុខដល់ Fulham បានបង្ហាញពីសារមួយចំនួននៃការរំលោភបំពានដែលរូបគេបានទទួលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ជុំវិញរឿងនេះ Fulham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាដ៏ស្អប់ខ្ពើមនេះ មិនថា នៅក្នុងបាល់ទាត់ ឬសង្គម ។ សកម្មភាពបែបនេះមិនអាចទទួលយកបានទាំងស្រុងទេ ហើយយើងគាំទ្រយ៉ាងពេញទំហឹងចំពោះ Calvin Bassey។ យើងនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណជនល្មើសដែលបង្ហោះសារដ៏អាក្រក់ទាំងនេះ និងចាត់វិធានការខ្លាំងបំផុតប្រឆាំងនឹងពួកគេ។”
សម្រាប់ស្ថាប័ន Premier League វិញ ក៏បានថ្កោលទោសចំពោះរឿងនេះ និងអះអាងថា ពួកគេមានការរន្ធត់ចិត្តចំពោះការរំលោភបំពានទៅលើកីឡាករបាល់ទាត់ដែលកើនឡើង ជាលំដាប់។ Premier League នឹងធ្វើការជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរ ដើម្បីស្វែងរកអ្នកដែលប្រព្រឹត្តទង្វើដ៏គួរអោយស្អប់ខ្ពើមទាំងនោះ។
ការរំលោភបំពានជាតិសាសន៍តាមប្រព័ន្ធអនឡាញទៅលើ Calvin Bassey កើតឡើងបន្ទាប់ពីករណីថ្មីៗនេះទាក់ទងនឹងខ្សែបម្រើ Abdoulaye Doucoure របស់ Everton ខ្សែបម្រើ Joe Willock របស់ Newcastle United និងកីឡាការិនីខ្សែប្រយុទ្ធ Khadija Shaw របស់ក្រុមនារី Man City ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ BBC Sport លោក Samuel Okafor នាយកប្រតិបត្តិនៃស្ថាប័នប្រឆាំងការរើសអើង KIO បាននិយាយថា កម្រិតនៃការរំលោភបំពាននៅក្នុងបាល់ទាត់អង់គ្លេសបានឈានដល់ចំណុចវិបត្តិគួរអោយព្រួយបារម្ភហើយ តម្រូវអោយមានចំណាត់ការជាបន្ទាន់ណាមួយ ដើម្បីដោះស្រាយបញ្ហានេះ៕