×

Tottenham Hotspur ចង់លក់ខ្សែបម្រើ Yves Bissouma នៅទីផ្សាររដូវក្តៅខាងមុខ

គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou នឹងមានភាពមមាញឹកនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ខណៈរូបលោកមានគម្រោងធ្វើការផ្លាស់ប្តូរដ៏ធំចំពោះក្រុម។

លោក Ange Postecoglou បានចុះហត្ថលេខានាំយក Mathy Tel, Kevin Danso និង Antonin Kinksy នៅក្នុងទីផ្សារខែមករា ប៉ុន្តែទោះបីជាបាននាំចូលកីឡាករថ្មី ក្រុមមាន់ខ្នាយមាសក៏មិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ យ៉ាងណា គ្រូបង្វឹកវ័យ៥៩ឆ្នាំ តាំងចិត្តថា នឹងធ្វើបានល្អនៅពេលនិយាយអំពីការទិញលក់កីឡាករនៅរដូវក្តៅខាងមុខនេះ ។

យោងតាមគេហទំព័រ Give Me Sport បានអោយដឹងថា ដើម្បីធ្វើការវិនិយោគក្រុម Tottenham Hotspur អោយកាន់តែល្អ លោក Ange Postecoglou មានបំណងលក់កីឡាករមួយចំនួនចេញ ហើយក្នុងចំណោមនោះ ក៏មានខ្សែបម្រើ Yves Bissouma ផងដែរ។

ទម្រង់លេងរបស់កីឡាករជនជាតិម៉ាលី មិនល្អទេ ដោយបានជួបប្រទះបញ្ហារបួស និងការពិន័យ។ បន្ថែមពីនេះរូបគេនៅតែមិនអាចពង្រឹងកន្លែងក្នុងក្រុមជម្រើសដំបូង បានរឹងមាំបន្ទាប់ពីបានចូលរួមជាមួយ Tottenham Hotspur ជិត៣ឆ្នាំមុនដោយផ្លាស់មកពី Brighton។

លទ្ធផលមិនល្អបង្ហាញថា កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងមិនស្ថិតក្នុងផែនការអនាគតរបស់ Tottenham Hotspur ទៀតនោះទេ។ លោក Postecoglou មានឆន្ទៈអនុញ្ញាតអោយ Yves Bissouma ចាកចេញ ខណៈដែល ក្រុមចាប់ផ្តើមស្វែងរកជម្រើសថ្មីនៅក្នុងទីផ្សារ។ Tottenham Hotspur កំពុងស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែបម្រើ Eberechi Eze និង Marc Guehi របស់ Crystal Palace ដែលជាការផ្លាស់ប្តូរមួយដែលអាចធ្វើអោយពួកគេមានត្រូវចំណាយធំប្រមាណ ១៣៨លានផោន។

ជាថ្មីម្តងទៀត Tottenham Hotspur នឹងបញ្ចប់រដូវកាលដោយគ្មានពានរង្វាន់ ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅពាក់កណ្តាលតារាងនៃក្របខណ្ឌ Premier League។ លទ្ធផលនៃការប្រកួតរបស់ពួកគេមានភាពអន់ថយក្នុងរដូវកាលនេះ ហើយអនាគតរបស់គ្រូបង្វឹកលោក Ange Postecoglou ត្រូវបានសួរនាំ ប៉ុន្តែក្លិប Tottenham Hotspur នៅតែគាំទ្ររូបលោក ដោយសារពួកគេមានជំនឿទាំងស្រុងលើសមត្ថភាពរបស់លោកក្នុងការបង្វែរស្ថានការណ៍។

ការចាប់ផ្តើមផ្លាស់ប្តូរក្រុមរបស់លោក Ange Postecoglou នឹងចាប់ផ្តើមនៅរដូវក្តៅជាមួយនឹងការលក់ Yves Bissouma ហើយរូបគេត្រូវបានដឹងថា ទទួលការចាប់អារម្មណ៍ពី Crystal Palace ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង