×

គ្រូ Arsenal លើកសរសើរកីឡាករចំពោះការធ្វើបានល្អក្នុងការប្រកួតទល់នឹង PSV Eindhoven

គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញពីការពេញចិត្តនិងធ្វើការលើកសរសើរកីឡាកររបស់ខ្លួនមិនដាច់ពីមាត់ ក្រោយពីពួកគេធ្វើបានយ៉ាងល្អក្នុងការប្រកួតយកឈ្នះក្រុមហូឡង់នឹង PSV Eindhoven នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។

ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Philips Stadion កាលពីយប់មិញ មានគ្រាប់បាល់ដល់ទៅ៨គ្រាប់បានកើតឡើងដោយក្នុងនោះ៧គ្រាប់ ជាការស៊ុតបញ្ចូលទីរបស់ក្រុមភ្ញៀវ Arsenal។ កែលបាល់បានត្រឹម ១៨នាទី Jurrien Timber បានរកគ្រាប់បើកឆាកអោយក្រុមកាំភ្លើងធំ មុនពល Ethan Nwaneri រកគ្រាប់បញ្ចូលទីនៅនាទី២១ និង Mikel Merino រកគ្រាប់បញ្ចូលទីគ្រាប់ទី៣ របស់ Arsenal។ នាទី ៤៣មុនចប់វគ្គទី១ ក្រុមម្ចាស់ផ្ទះ PSV Eindhoven តាមបាន១គ្រាប់ដោយ កីឡាករ Noa Lang ស៊ុតបាល់ពិន័យ១១ម៉ែត្រ។

ចូលមកដល់វគ្គទី២ Arsenal នៅតែជាក្រុមមានប្រៀប ដោយធ្វើការវាយសម្រុក តាមបាន៤គ្រាប់បន្ថែម ដែលធ្វើបានដោយ Martin Ødegaard នៅនាទី៤៧ Leandro Trossard នាទី៤៨ មុនពេល Martin Ødegaard ដដែលធ្វើបាន១គ្រាប់ទៀតនៅនាទី ៧៣ និង គ្រាប់ចុងក្រោយធ្វើបានដោយ Riccardo Calafiori នៅនាទី៨៥។ ផ្ទុយមកវិញ ក្រុម PSV Eindhoven មិនអាចស្វែងរកគ្រាប់បានជាបន្តនោះទេ។ លទ្ធផលបញ្ចប់ការប្រកួតគឺ Arsenal ៧ PSV Eindhoven ១។

វាជាការរកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយប្រកួតរបស់ក្រុម Arsenal ចាប់តាំងពីការឈ្នះ Newcastle United ៧-៣នៅក្នុងក្របខណ្ឌ Premier Legue ១៣ឆ្នាំមុន។ ក្រុម Arsenal ក៏បានក្លាយជាក្រុមដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ពានរង្វាន់ UEFA Champions League ដែលអាចស៊ុតបាន៧គ្រាប់ក្នុងការប្រកួតក្រៅទឹកដី នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ។ លទ្ធផលនេះក៏ធ្វើអោយ Arsenal មានសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់ជុំបន្តផងដែរ។

ជាមួយនឹងជោគជ័យនេះ បានធ្វើអោយ គ្រូបង្វឹក Arsenal លោក Mikel Arteta មានភាពរីករាយ យ៉ាងខ្លាំងជាមួយការធ្វើបានល្អ និង ការបង្កើតកំណត់ត្រារបស់កូនក្រុម។
លោក Mikel Arteta អោយដឹងក្រោយចប់ការប្រកួតថា “ ខ្ញុំពិតជារីករាយជាមួយការប្រកួតនេះណាស់។ អរគុណចំពោះការធ្វើបានល្អរបស់កូនក្រុម ដែលពួកគេបានខិតខំ។ អ្វីដែលពួកគេបានធ្វើនៅពេលនេះ ធ្វើអោយខ្ញុំភ្ញាក់ផ្អើល និង ពេញចិត្តខ្លាំងណាស់។”

ក្រុមទាំង២នឹងមានការប្រកួតគ្នាក្នុងជើងទី២ទៀត ដែលធ្វើឡើងនាកីឡដ្ឋាន Emirates វិញម្តង ថ្ងៃទី ១២ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង