
ក្លិប Man UTD បានបើកការចរចាឡើងវិញជាមួយ ខ្សែបម្រើ Kobbie Mainoo ទៅលើកិច្ចសន្យាថ្មី ខណៈដែលក្លិបសម្លឹងរកការធានាអនាគតរបស់រូបគេនៅកីឡដ្ឋាន Old Trafford ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករអង់គ្លេស មានសុពលភាពរហូតដល់ឆ្នាំ ២០២៧ ដោយរូបគេទទួលបានប្រាក់ឈ្នួលតែ២ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលជាប្រាក់ឈ្នួលទាបជាងគេក្នុងចំណោមកីឡាករដទៃ តែក្លិបបិសាចក្រហមចង់អោយ Kobbie Mainoo នៅជាមួយក្លិបយូរអង្វែងទៀត ដោយបានបើកការពិភាក្សាយ៉ាងយូរជុំវិញលក្ខខណ្ឌដែលប្រសើរជាងមុន។
មែនទែនទៅ ក្លិប Man UTD និងកីឡាករវ័យ១៩ឆ្នាំ ធ្លាប់បានចរចាគ្នារួចមកហើយ តែក៏ត្រូវផ្អាក ក្រោមឥទ្ធិពលរបស់លោក Jim Ratcliffe ដែលបានផ្តោតទៅលើការរៀបចំឡើងវិញនូវប្រាក់ឈ្នួលរបស់កីឡាករក្នុងក្លិប។
យ៉ាងណាក៏ដោយ ក្រោយមានដំណឹងថា ក្លិប Chelsea បានចាប់អារម្មណ៍លើ Kobbie Mainoo នោះ ក្លិប Man UTD បានជំរុញអោយមានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ Kobbie Mainoo ជាមួយនឹងក្លិប។
ប្រភពពីសារពត៌មាន Daily Mail បានអោយដឹងថា សាមីកីឡាករ Mainoo កំពុងស្វែងរកការដំឡើងប្រាក់ឈ្នួល ជាមួយនឹងការទាមទារឈានដល់ ១៨ម៉ឺនផោន ក្នុងមួយសប្តាហ៍ បូករួមទាំងប្រាក់រង្វាន់លើកទឹកចិត្តទៀត។ នេះអាចក្លាយជាបញ្ហាពិបាកមួយ ដោយក្លិប Man UTD ចង់ធ្វើសមតុល្យរវាងការផ្តល់កិច្ចព្រមព្រៀងដល់កីឡាករ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។
គ្រូបង្វឹក Man UTD លោក Ruben Amorim ត្រូវបានដឹងថាចង់រក្សា Kobbie Mainoo ដែរជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់លោក។ លោក Ruben Amorim មានការពិបាកដើម្បីរួមបញ្ចូលកីឡាករវ័យក្មេងរូបនេះ ទៅក្នុងប្រព័ន្ធលេងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែងបន្តពីលោក Erik ten Hag ក្នុងខែវិច្ឆិកា ប៉ុន្តែលោកនៅតែទទួលស្គាល់អំពីទេពកោសល្យដ៏មានសក្កដានុពលរបស់ Kobbie Mainoo ហើយលោកពិតជាចង់អោយកីឡាកររូបនេះបន្តនៅជាមួយក្លិបក្រោមការដឹកនាំរបស់លោកតទៅទៀត៕