ក្រុមអ្នកគាំទ្រក្លិប Arsenal ដែលមានឈ្មោះថា Arsenal Supporters Trust AST បាននិយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្លិបបានដំឡើងថ្លៃសំបុត្រទស្សនាការប្រកួតចាប់ពីរដូវកាល ២០២៥-២៦ ទៅ។
Arsenal បានដំឡើងថ្លៃសំបុត្រចន្លោះពី ៣ ទៅ ៥ ភាគរយ ដោយក្លិបអះអាងថា ការសម្រេចចិត្តនេះ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការចំណាយ រួមទាំងការដំឡើងប្រាក់ឈ្នួលកីឡាករ ៤០ភាគរយ ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ AST បានអំពាវនាវអោយក្លិបកាំភ្លើងធំ រក្សាតម្លៃសំបុត្រដដែល ស្របតាមយុទ្ធនាការបញ្ឈប់ការកេងប្រវ័ញ្ចភក្ដីភាព ដែលរៀបចំដោយសមាគមអ្នកគាំទ្របាល់ទាត់ FSA ដែលបានសម្តែងការខកចិត្តចំពោះក្លិបនានានៅក្របខណ្ឌ Premier League ដែលចាប់ផ្តើមដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត។
នៅក្នុងសេចក្តីថ្លែងការណ៍ក្លិប Arsenal បាននិយាយថា “អាទិភាពរបស់យើងគឺបន្តការប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតក្នុងគ្រប់ការប្រកួតទាំងអស់ និងឈ្នះពានរង្វាន់ធំៗ។ នេះទាមទារការវិនិយោគនៅក្នុងក្រុមរបស់យើងក្នុងបរិយាកាសដែលការចំណាយបន្តកើនឡើង។”
Arsenal បន្ថែមថា ក្លិបបានបង្ហាញពីការខាតបង់១៧,១លានផោននៅក្នុងរដូវកាល ២០២៣-២៤ បើទោះបីជាប្រាក់ចំណូលមានកំណត់ត្រាចំនួន ៦១៦,៦ លានផោន និងមានការខាតបង់ចំនួន ២៣៨លានផោន ក្នុងរយៈពេល៤រដូវកាលចុងក្រោយនេះ។
Arsenal មិនមែនជាក្លិបនៅ Premier League ដំបូងដែលចាប់ផ្តើមដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួតទេ។ តួយ៉ាង Man UTD បានអនុវត្តន៍ជំហាននេះដែរ និងត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានសម្រេចចិត្តដំឡើងថ្លៃសំបុត្រដល់ទៅ ៦៦ផោនក្នុងមួយប្រកួត មិនមានការលើកលែងសម្រាប់កុមារ ឬអ្នកចូលនិវត្តន៍ឡើយ។
ជុំវិញបញ្ហានេះ FSA បានសរសេរទៅកាន់ Premier League ដោយជំរុញអោយសា្ថប័ន នេះគាំទ្រការផ្អាកការដំឡើងតម្លៃសំបុត្រសិន ដោយថាបញ្ហានេះស្ថិតក្នុងដំណាក់កាលសំខាន់។ សំណើសុំនេះត្រូវបានក្លិបមួយចំនួនដូចជា Brentford, Wolves, Liverpool និង West Ham យល់ព្រម និង បានសម្រេចចិត្តបង្កកការដំឡើងតម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ពួកគេ៕