×

Aston Villa បង្ហាញបំណងផ្ទេរយកខ្សែប្រយុទ្ធ Marcus Rashford ជាអចិន្ត្រៃយ៍

ប្រភពពីសារពត៌មាន Mirror នៅអង់គ្លេសបានអោយដឹងថា ក្លិប Aston Villa បានបង្ហាញពីបំណងផ្ទេរយកខ្សែប្រយុទ្ធ Marcus Rashford ពីក្លិប Man UTD ជាអចិន្ត្រៃយ៍ ដោយពួកគេចាត់ទុកកីឡាកររូបនេះជាកីឡាករល្អបំផុតមួយរូបនៅក្របខណ្ឌ Premier League។

ជាការពិត Marcus Rashford បានទៅចូលរួម Aston Villa ដោយផ្លាស់មកពី Man UTD ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់បញ្ចប់រដូវកាល។ រឿងរ៉ាវចម្រូវចម្រាសនៅ Man UTD ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruben Amorim របស់ Marcus Rashford ឈានដល់ទីបញ្ចប់ បន្ទាប់ពីរូបគេបាត់ប្រជាប្រិយក្រោមក្រសែភ្នែកគ្រូបង្វឹកព័រទុយហ្កាល់ អស់ចំនួន ១២ប្រកួតរួចមក និងគ្មានឈ្មោះលេង។

ការផ្ទេរទៅកាន់ក្លិប Aston Villa ក្រោមលក្ខខណ្ឌខ្ចីជើង នោះគឺដោយក្លិបកំពុងមានកៅអីប្រជែងក្នុងពានរង្វាន់ UEFA Champions League នឹងត្រូវបង់ថ្លៃប្រាក់ពលកម្មប្រមាណ ៧០ភាគរយ នៃប្រាក់ពលកម្មកីឡាករទទួលបានពីក្លិប Man UTD។ មិនត្រឹមតែប៉ុណ្ណោះ លើកិច្ចសន្យាខ្ចីជើងនោះក៏រួមមាននឹងលក្ខខណ្ឌទិញផ្តាច់ ជាមួយនឹងកិច្ចសន្យា ៣ឆ្នាំកន្លះផងដែរ។

លេងជាមួយ Aston Villa បាន៧ប្រកួត Marcus Rashford មិនទាន់អាចស៊ុតបញ្ចូលទី បានក៏ពិតមែន ប៉ុន្តែកីឡាកវ័យ ២៧ឆ្នាំ ហាក់មានភាពសប្បាយចិត្ត នៅកីឡដ្ឋាន Villa Park ហើយទាំងសាមីកីឡាករ និង ក្លិប ក៏កំពុងបើកការពិភាក្សាគ្នា ក្នុងការអនុវត្តន៍ជម្រើសទិញផ្តាច់រូបគេ។

Rashford បានបង្ហើបថា រូបគេមានអារម្មណ៍ថា អាជីពរបស់គេមានភាពរស់រវើកឡើងវិញនៅក្រោមការដឹកនាំរបស់គ្រូបង្វឹក Aston Villa លោក Unai Emery ហើយជឿថា រូបលោកគឺជាគ្រូបង្វឹកដ៏ត្រឹមត្រូវដើម្បីជួយដល់អាជីពអន្តរជាតិរបស់ខ្លួន។ Marcus Rashford សង្ឃឹមថា ការបង្ហាញសមត្ថភាពជាមួយ Aston Villa រូបគេអាចត្រលប់ទៅកាន់ក្រុមជម្រើសជាតិអង់គ្លេសវិញក្រោមការដឹកនាំរបស់ លោក Thomas Tuchel ទាន់ពេលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ដោយឡែក សម្រាប់តម្លៃនៃការទិញផ្តាច់ Marcus Rashford ត្រូវបានរាយការណ៍អោយដឹងថា មានប្រមាណជា ៤០លានផោន ជាមួយនឹងប្រាក់ពលកម្ម ២២ម៉ឺនផោន ក្នុង១សប្តាហ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង