ខ្សែការពារ Lewis Hall របស់ Newcastle United អាចនឹងអវត្តមានការប្រកួតរហូតដល់ចប់រដូវកាល ព្រោះតែរូបគេបានជួបប្រទះរបួសជើង។
កីឡាករអង់គ្លេសបានមានបញ្ហារបួស អំឡុងការប្រកួតដែល Newcastle United ចាញ់ Liverpool ដោយលទ្ធផល ២-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងខែកុម្ភៈកន្លងទៅ។
អវត្តមានរបស់ Lewis Hall បានក្លាយជាការប៉ះទង្គិចមួយទៀតដល់ក្រុមរបស់គ្រូបង្វឹកលោក Eddie Howe ដោយខ្សែប្រយុទ្ធ Antony Gordon ត្រូវជាប់បម្រាមមិនអាចចូលលេងរួចទៅហើយ ខណៈដែលពួកគេនឹងត្រូវមានការប្រកួតធំមួយគឺនឹងប៉ះ Liverpool សាជាថ្មី ក្នុងពានរង្វាន់ EFL Cup វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាសប្តាហ៍ក្រោយ។
ជុំវិញបញ្ហារបស់ Lewis Hall ខាងក្លិប Newcastle United បានចេញសេចក្តីថ្លែងការណ៍ថា “ កីឡាករ Lewis Hall នឹងត្រូវឆ្លងកាត់ការវះកាត់របួស ហើយបន្តការស្តារកាយសម្បទាទៀត។ គ្រប់គ្នាក្នុងក្លិប ជូនពររូបគេអោយទទួលជោគជ័យក្នុងការព្យាបាលរបួសនេះ។”
កីឡាករវ័យ២០ឆ្នាំ ត្រូវបានចាត់ទុកជាកីឡាករក្នុងក្រុមជម្រើសដំបូងជាទៀងទាត់ និងមានសារៈសំខាន់របស់ Newcastle United ដោយបានបង្ហាញខ្លួន គ្រប់ការប្រកួតនៅក្នុងក្របខណ្ឌ Premier League នៅក្នុងរដូវកាលនេះ។
Lewis Hall ស្ថិតក្នុងចំណោមខ្សែការពារឆ្វេងដ៏ឈានមុខរបស់ក្របខណ្ឌ Premier League ហើយគុណផលនេះ កំពុងជំរុញអោយគេទទួលការចាប់អារម្មណ៍ពីគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Thomas Tuchel ដើម្បីបញ្ចូលឈ្មោះទៅក្នុងក្រុមសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។
ដោយឡែក Newcastle United កំពុងឈរនៅលេខរៀងទី៦នៅ Premier League មាន២ពិន្ទុតាមពីក្រោយ Chelsea ដែលឈរនៅលេខរៀងទី ៥ និងតិចជាង ៣ ពិន្ទុពីក្រុមលេខ ៤ Man City៕